កម្ពុ​ជា​ មាន​គម្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជ​សត្វ​កណ្ដុរ ​ដែល​ចេះ​ហិត​រក​សារធាតុ​ផ្ទុះ​

23

សៀមរាប ៖ កម្ពុជាមានគម្រោង នឹងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជសត្វកណ្ដុរ ដែលចេះហិតរកសារធាតុផ្ទុះ បន្ទាប់ពីមន្ត្រីជំនាញ មើលឃើញថា សត្វកណ្តុរដែលមាននៅកម្ពុជា ចំនួន២១ក្បាលបច្ចុប្បន្ន ជួយហិតរកសារធាតុផ្ទុះក្នុងប្រតិបត្តិការបោស សម្អាតមីន មានប្រសិទ្ធភាពខ្ពស់។

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC មានសត្វកណ្តុរចំនួន២១ក្បាលសម្រាប់ ជួយហិតរក សារធាតុផ្ទុះក្នុងប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាមនៅកម្ពុជា។ អ្នកគ្រប់ គ្រងគំរោងបោសសម្អាតមីនរបស់ CMAC មានផែនការនឹងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជសត្វកណ្ដុរទាំងនោះ បង្កើនលទ្ធ ភាព និងប្រសិទ្ធភាព ជួយដល់ប្រតិបត្តិការ បោសសម្អាតមីន សម្រាប់គ្រប់កងឯកភាពក្នុងប្រទេសកម្ពុជា។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា ពេលចុះទៅពិនិត្យបញ្ជាការដ្ឋានកងឯកភាពកម្ចាត់មីនទី៤ របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា នៅក្នុងឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានថ្លែងថា នៅក្នុងកងឯកភាពកម្ចាត់មីនកម្ពុជារបស់ CMAC សកម្មភាព ប្រតិបត្តិការបោសសំអាតមីនគឺមានសត្វសុនខ ជួយដល់កម្លាំងមនុស្ស ហើយពេលនេះ CMAC មានសមាជិកថ្មីបន្ថែមទៀត គឺសត្វកណ្តុរដែល នាំចូលមកពីតំបន់អាហ្វ្រិក តាមរយៈអង្គការ អាប៉ូប៉ូ។

ឯកឧត្តម បានបញ្ជាក់ថា ក្រោយពីបានចិញ្ចឹម និងបង្វឹកបន្សាំ ទៅនឹងអាកាសធាតុក្នុងប្រទេសកម្ពុជា សត្វកណ្តុរ ចំនួន២១ក្បាល ត្រូវបាននាំយកពួកវាចេញទៅជួយហិតរាវរកមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សល់ពីសម័យសង្គ្រាម នៅក្នុង តំបន់ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ជាមួយនឹងសកម្មភាពប្រតិបត្តិការរាវរកមីនរបស់កងឯកភាពកំចាត់មីនកម្ពុជា ទី៤ របស់ CMAC ដែលមានទីបញ្ជាការនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។

ទាក់ទងនឹងករណីនេះ ប្រធានគម្រោងអង្គការអេប៉ូប៉ូ (APOPO) ជនជាតិអង់គ្លេស លោក ផូម៉ាកាហ្សី បានឲ្យដឹង ថា កណ្តុរដែលនាំចូលមកនេះ សុទ្ធតែទទួលបានអាជ្ញាប័ណ្ណ បញ្ជាក់ពីប្រទេសដៃគូប្រភពនៃសត្វកណ្តុរក្រោមការពិសោធន៍ និងត្រួតពិនិត្យច្បាស់លាស់ថា កណ្តុរទាំងនេះ មានសមត្ថភាពក្នុងការហិតក្លិនមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ម្យ៉ាងទៀត កណ្តុរនេះ មានតម្លៃមួយក្បាល ស្មើនឹង៥០០០យូរ៉ូ ស្នើនឹងជិត៦ពាន់ដុល្លារអាមេរិក បូករួមទាំងប្រាក់ខែសម្រាប់អ្នកមើលថែរក្សា និងផ្តល់អាហាររបស់វាផងដែរ។

លោកបញ្ជាក់ឲ្យដឹងបន្ថែមថា ក្នុងពេលអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ពេក និងមានភ្លៀងធ្លាក់ជាដើម ពួកវាមិនអាចធ្វើការពេញលេញបានទេ ក៏ប៉ុន្តែពួកវាអាចធន់ ទៅនឹងអាកាសធាតុដល់៣៩អង្សាសេ៕

ly thuch ly thuch1 ly thuch2 ly thuch3