នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ថ្លែង​ថា លោក​នឹង​បន្ត​ការ​សាង​សង់​លំនៅឋាន​និគមជន​ថ្មី​នៅ​តំបន់​ជម្លោះ West Bank

120

អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានយ៉ាងហ៊ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកនឹងបន្តការសន្យា និងការតាំងចិត្តរបស់លោកក្នុងការសាងសង់លំនៅឋានថ្មីនៅតំបន់មានជម្លោះ West Bank ដែលជាលើកដំបូងក្នុងពេល ២ទសវត្សមកនេះ។

 

ការថ្លែងបែបនេះរបស់មេដឹកនាំអ៊ីស្រាអែល ធ្វើឡើងរយៈពេលប៉ុន្មានម៉ោងមុនពេលជួបប្រជុំជាមួយលោក Jason Greenblatt ប្រេសិតពិសេសទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោក ណេតាន យ៉ាហ៊ូ សង្ឃឹមថា កិច្ចព្រមព្រៀងមួយអាចឈានដល់ចំណុចរួមជាមួយទីក្រុងវ៉ាស៊ីនតោន លើអនាគតការសាងសង់លំនៅឋានរបស់ពលរដ្ឋអ៊ីស្រាអែល លើដែនដីប៉ាឡេស្ទីនដែលចង់បានភាពជារដ្ឋឯករាជ។ លោក ណេតាន យ៉ាហ៊ូ រងគំនាបពីដៃគូរចម្រុះស្ដាំនិយមរបស់លោកក្នុងការអនុវត្តន៍ការសន្យា ចំពោះពលរដ្ឋរបស់តំបន់អាមូណា ប៉ុន្តែនៅកិច្ចប្រជុំក្នុងទីក្រុងវ៉ាស៊ីនតោនលោក ត្រាំ បានសូមឲ្យលោកផ្អាកមួយរយៈ។

គួររម្លឹកថា ការជជែកស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានជាប់គាំងតាំងពីឆ្នាំ២០១៤ ហើយការដែលអ៊ីស្រាអែលសាងសង់លំនៅឋានលើតំបន់វ៉េសប៊ែង គឺជាបញ្ហាក្ដៅ និងស្អប់បំផុតក្នុងចំណោមបញ្ហាជាច្រើនសម្រាប់ពលរដ្ឋប៉ាឡេស្ទីន។ ប៉ាឡេស្ទីនចង់បានតំបន់វ៉េសប៊ែង និងតំបន់អ៊ីសហ្សេរ៉ុយសេលឹមជារដ្ឋឯករាជសម្រាប់ពួកគេ៕
អត្ថបទ៖ សុខមាន