លោក Aitor Karanka ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​គ្រូ​បង្វឹកក្លឹប Middlesbrough

184

បាល់ទាត់៖ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Aitor Karanka ត្រូវបានបណ្ដេញចេញពីតំណែងគ្រូបង្វឹក Middlesbrough ហើយបន្សល់អោយជំនួយការលោក Steve Agnew ដឹកនាំរហូតបញ្ចប់រដូវកាល។

 

Middlesbrough បានឡើងមកកាន់ក្របខណ្ឌកំពូល Premier League វិញរដូវកាលនេះ ក្រោយពីអវត្តមាន ៧ឆ្នាំតែក៏អរគុណដល់លោក Aitor Karanka ដែរចំពោះការងារជោគជ័យ ៣ឆ្នាំកន្លះចុងក្រោយនេះ។
Middlesbrough បច្ចុប្បន្នឈរលេខ១៩ ក្នុងតារាងក្រោយ ២៧ប្រកួត តែមានមួយប្រកួតក្នុងដៃតិចជាង Hull City ដែលកំពុងនៅពីលើ ២ពិន្ទុ និង ៣ពិន្ទុពីក្រោម Crystal Palace ដែលកំពុងឈរលេខ ១៧។ រដូវកាលនេះ Middlesbrough ទើបរកបាន ១៩គ្រាប់ប៉ុណ្ណោះ និងឈ្នះតែបួនប្រកួតគត់ក្នុងលីហ្គជាក្រុមដែលស៊ុតបញ្ចូលទីតិចជាងគេ។ ចុងសប្ដាហ៍កន្លងទៅ Middlesbrough ទើបតែធ្លាក់ពី FA Cup នៅវគ្គ ៨ក្រុមចុងក្រោយដោយចាញ់ Manchester City ក្នុងផ្ទះខ្លួនឯង ២-០។ លោក Steve Agnew នឹងដឹកនាំ Middlesbrough បណ្ដោះអាសន្នសិន ខណៈដែលនឹងត្រូវទទួលភ្ញៀវបិសាចក្រហម Manchester United ដែលមិនចាញ់សោះក្នុងលីហ្គ ១៧ប្រកួតចុងក្រោយតែពួកគេនឹងគ្មាន Zlatan Ibrahimovic៕
អត្ថបទ៖នាង សុភាវុធ