កីឡាករ​វ័យ ១៨​ឆ្នាំ​របស់ Monaco, Kylian Mbappe Lottin ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​បារាំង​ជា​លើកដំបូង​

270

បាល់ទាត់៖ កីឡាករខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរបស់ក្រុមកំពូលតារាងនៅ Lique 1, AS Monaco, Kylian Mbappe Lottin ត្រូវកោះហៅចូលក្រុមជំរើសជាតិបារាំងជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Didier Deschamp មុនការប្រកួតជំរុះ World Cup សប្ដាហ៍ក្រោយ។

 

ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរូបនេះត្រូវបានគេសង្កេតឃើញថា មានរបៀបលេងស្រដៀងគ្នានឹង Thierry Henry ខណៈគេបានបង្ហាញទំរង់លេងអស្ចារ្យអោយ Monaco រដូវកាលនេះ និងជាសមាជិកសំខាន់ដែលជួយ Monaco ទម្លាក់ Manchester City ឡើងវគ្គ ៨ក្រុមចុងក្រោយ Champions League ពោលគឺ ១១ ប្រកួតចុងក្រោយរកបាន ១១គ្រាប់ និង ១៧គ្រាប់ហើយរដូវកាលនេះ។ ដោយឡែកក្នុងចំណោមការកោះហៅកីឡាករសំរាប់ការប្រកួតជំរុះសប្ដាហ៍ក្រោយនេះលោក Didier Deschamp បានកោះហៅកីឡាករថ្មី ៣រូបក្នុងចំណោម ២៤រូបនោះ ដែលរួមមានមិត្តរួមក្រុមរបស់ Mbappe Lottin កីឡាករ Benjamin Mendy ខ្សែបំរើស្លាបរបស់ Marseille, Florian Thauvin និងខ្សែបំរើរបស់ Lyon, Corentin Tolisso។

ក្រុមបារាំងនឹងត្រូវធ្វើដំណើរទៅទៅទឹកដីលុចហ្សំបួរថ្ងៃទី២៥ សប្ដាហ៍ក្រោយនេះក្នុងការប្រកួតជំរុះ World Cup តំបន់អឺរ៉ុបពូល A ដែលបារាំងកំពុងនាំមុខដាច់ ៣ពិន្ទុ មុនពេលជួបក្រុមអេស្ប៉ាញ ៣ថ្ងៃបន្ទាប់នៅទីក្រុងប៉ារីស៕
អត្ថបទ៖នាង សុភាវុធ