កីឡាករ​ Cerreno Busta និង​កីឡា​ការិនី Kristina Mladenovic ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ Indian Wells​

144
កីឡាករ​​អេ​ស្ប៉ា​ញ Cerreno Busta

តេន្នីស៖ កីឡាករវាយកូនបាល់សញ្ជាតិអេស្ប៉ាញ Cerreno Busta បានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ PNB Paribas នៅ Indian Wells សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះកីឡាករអ៊ុយរូហ្កាយ Pablo Cuevas ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ។

កីឡាការិនី Kristina Mladenovic
កីឡាការិនី Kristina Mladenovic

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានយកឈ្នះសិតដំបូង ៦-១ តែកីឡាករអ៊ុយរូហ្កាយ Pablo Cuevas ក៏តាមបានមួយសិតវិញ ៦-៣ មុនឈានចូលសិតកាត់សេចក្ដីដែលការប្រកួតសិតចុងក្រោយពេញដោយភាពតានតឹង ពោលគឺត្រូវអូសបន្លាយដល់ Tiebreak ដែលឈ្នះដោយ Cerreno Busta ៧-៦(៤) ចំណាយពេលសរុបជាង ២ម៉ោង។ ងាកមកទស្សនាមួយគូទៀតផ្នែកនារីវិញម្ដងកីឡាការនីបារាំង Kristina Mladenovic បានឈានចូលវគ្គ ៤នាក់ចុងក្រោយផងដែរ ក្រោយយកឈ្នះអតិតលេខមួយពិភពលោកដាណឺម៉ាក Caroline Wozniacki។

Mladenovic ដែលមានឪពុកម្ដាយជាជនជាតិយូហ្គោស្លាវី ត្រូវតាមពីក្រោយមួយសិត បន្ទាប់ពី Wozniacki យកឈ្នះសិតដំបូង ៦-៣។ Mladenovic វ័យ ២៣ឆ្នាំ ដែលឈ្នះជើងឯក WTA លើកដំបូងកាលពីខែកុម្ភៈនៅ St. Petersburg ប្រទេសរុស្ស៊ីបានយកឈ្នះសិតទីពីរ ៧-៦ Tiebreak ៧-៤ និងបន្តឈ្នះសិតកាត់សេចក្ដីទៀត ៦-២។ ជុំបន្ត Kristina Mladenovic នឹងត្រូវជួបជាមួយ Elena Vesnina ដែលទើបយកឈ្នះកីឡាការិនីជើងចាស់អាមេរិក Venus Williams៕
អត្ថបទ៖នាង សុភាវុធ