រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់​

579

ភ្នំពេញ ៖ រយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាននាក់កើនឡើង១២.១ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ជាង១លាន៨ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួន១៧២.៤៣៨នាក់ កើនឡើង១៦ភាគរយ។

លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ មិនានេះថា ស្ថានភាពការមកដល់របស់ភ្ញៀវទេសចរឆ្នាំនេះ ទំនងជាភ្ញៀវចិន នាំមុខភ្ញៀវមកពីប្រទេសវៀតណាម ដែលជាទូទៅស្ថានភាពនៃការមកដល់របស់ភ្ញៀវឆ្នាំនេះ មានភាពប្រសើរជាងឆ្នាំមុន ដោយសារកំណើនសេដ្ឋកិច្ចចិន និងបណ្តាប្រទេសក្នុងតំបន់ ដែលប្រទេសចិន បានជួយច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នានា ការភ្ជាប់ជើងហោះហើរកាន់តែច្រើន ការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា និងការសម្រួលទិដ្ឋាការឲ្យភ្ញៀវចិន និងកូរ៉េអាចចេញចូលបានច្រើនដង។

លោក បន្តថា “លោករំពឹងថានៅដំណាច់ឆ្នាំនេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរ ចិនចំនួន១លាននាក់ ហើយតួលេខព្យាករណ៍ដោយក្រសួងរំពឹងថា កម្ពុជា នឹងទទួលបានភ្ញៀវទេសចរសរុបចំនួន៥.៤លាននាក់នៅដំណាច់ឆ្នាំនេះ”។

លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានថ្លែងថា វាជាសញ្ញាល្អមែនទែនសម្រាប់កម្ពុជា និងអ្នករកស៊ីក្នុងវិស័យនេះ ទាំងមូល ហើយវាឆ្លុះបញ្ចាំងថា ការខិតខំរបស់រដ្ឋាភិបាល និងជាពិសេសក្រសួងទេសចរណ៍ដែលបានធ្វើការស្វែងរកទីផ្សាររវាងស្ថាប័នរដ្ឋ និងឯកជនបានធ្វើឡើងដោយជោគជ័យ និងត្រឹមត្រូវ។

លោកបន្តថា “ការមកដល់របស់ភ្ញៀវទេសចរច្រើន នឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបន្ថែមទៀត”។លោក បន្តថា “ការមកដល់របស់ភ្ញៀវចិនបាន១លាននាក់ ឬអត់ យើងចាំមើលតួលេខរយៈពេល៦ខែសិន ប៉ុន្តែកម្ពុជា បានភ្ជាប់ជើងហោះហើរ ជាមួយអាកាសចរណ៍ចិន ចំនួន៥ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានបង្កើនជើងហោះហើរជាប្រចាំ ដែលធ្វើឲ្យយើងមានសុទិដ្ឋិនិយមថា នឹងទទួលបានភ្ញៀវ១លាននាក់ ព្រោះកាលពីឆ្នាំមុនកម្ពុជាទទួលបានភ្ញៀវចិនជិត៨០ម៉ឺននាក់រួចហើយ៕

btvnews(15-03-2016(3)) btvnews(15-03-2016(4))