រយៈ​៣ ខែ​នេះ រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន​ម៉ុងឫទ្ធី ​មាន​សមត្ថភាព​ផលិត​បាន ២០​តោន​ក្នុង​១ម៉ោង​

509

ព្រះសីហនុ ៖ បន្ទាប់ពីដាក់ដំណើររយៈពេល ៣ខែនេះមក រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនម៉ុងឫទ្ធី មានសមត្ថភាពផលិតបាន ២០តោនក្នុង១ ម៉ោង ដែលនឹងស្រូបយកកសិផលពីកសិករបានយ៉ាងច្រើន បន្ថែមទៀត។

លោក លី ឡាវីល នាយកចាត់ការទូទៅក្រុមហ៊ុន M’S PLG ACMC (Cambodia)Co.,Ltd បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ម៉ុងឫទ្ធី បានដំណើររោងចក្រផលិតចំណីសត្វ រយៈពេល ៣ខែមកនេះ ដែលមានកម្លាំងផលិតបាន ២០តោនក្នុង ១ម៉ោង និងផលិតបានចន្លោះពី ៧ពាន់ទៅ ១ម៉ឺនតោនក្នុង១ ខែ ដែលអាចឈានដល់ ១០ម៉ឺនតោនក្នុងមួយឆ្នាំ។

លោក បានបន្តទៀតថា មូលហេតុ ដែលក្រុមហ៊ុនវិនិយោគបង្កើតរោងចក្រចំណីសត្វនេះ ដោយសារតែចង់ប្រើប្រាស់កសិផលរបស់កសិករឲ្យអស់ពីលទ្ធភាព ហើយនៅក្នុងស្រុក មានការនាំចូលខ្ពស់ចំណីសត្វ ពីប្រទេសជិតខាងច្រើននៅឡើយ។

លើសពីនេះលោកបានបញ្ជាក់ថា នៅពេលដែលមានការបង្កើតរោងចក្រក្នុងស្រុកនោះប្រឈម នឹងការនាំចូលគ្មានដែនកំណត់ពីក្រៅប្រទេស ហើយបើសិនមានរោងចក្រក្នុងស្រុកជួយដល់កសិករនៅទូទាំងប្រទេសជួយរកទីផ្សារដល់កសិផលដែលតម្លៃធ្លាក់ចុះយ៉ាងគំហុក។

សម្រាប់ ឯកឩត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកជារឿងល្អបំផុត ដើម្បីទប់ស្តាត់ការហូរចេញវត្ថុធាតុដើម ជាពិសេស បើសិនជាមានការស្រូបយកវត្ថុធាតុដើមអាចកាត់បន្ថយការនាំចេញស្រូវពីកម្ពុជា។

ឯកឩត្តម បានបញ្ជាក់ទៀតថា ចំណីសត្វសព្វថ្ងៃនាំចូលពីក្រៅប្រទេសមក ហើយគោលការណ៍របស់រាជរដ្ឋាភិបាលគឺ គាំទ្រ និងសម្របសម្រួលឲ្យមានការវិនិយោគក្នុងស្រុក ហើយសព្វថ្ងៃក្រុមហ៊ុនបរទេសមួយចំនួនកំពុងតែវិនិយោគផងដែរ។

ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុបបានវិនិយោគបង្កើតរោងចក្រកែច្នៃចំណីសត្វស្ថិតនៅខេត្តព្រះសីហនុ ចំណាយទុនចំនួន ១០លានដុល្លារអាមេរិក ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី ១២ធ្នូឆ្នាំ២០១៦ ។ រោងចក្រផលិតចំណីសត្វនេះឈ្មោះ ក្រុមហ៊ុន M’s Pig ACMC (Cambodia) មានសមត្ថភាពផលិតបាន២០ តោនក្នុងមួយម៉ោង ឬមានលទ្ធភាពផលិត ១០តោនក្នុងមួយ ឆ្នាំនឹងផលិតចំណីសត្វ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ៕

factory mongrithy pit pit3