ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដាច់ស្រយាល​​​​ ក្នុង​ឃុំ​ត្រប់​ទទួល​បាន​ផ្លូវ​មួយ​ខ្សែ​សម្រាប់​ធ្វើដំណើរ​

42

ប្រជាពលរដ្ឋរស់នៅភូមិរោធ ស្ថិតនៅក្នុងឃុំត្រប់ ដែលជាភូមិនៅដាច់ស្រយាលពីគេ ទើបតែទទួលបានផ្លូវលំមួយខ្សែខណៈប្រជាពលរដ្ឋនៅទីនោះ គ្មានផ្លូវសម្រាប់ធ្វើដំណើរ អស់រយៈជិត៤០ឆ្នាំកន្លងមកនេះ។

កំពង់ចាម៖ លោកង៉ោ ជោត មេឃុំត្រប់បានថ្លែងឱ្យដឹង នៅក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន១៤ ស្រះចំនួន៤កន្លែង រួមជាមួយផ្លូវលំមួយខ្សែ ពីក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ជូនដល់ស្រុកបាធាយទាំងមូល នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៧ នេះថាសម្រាប់សមិទ្ធផលដែលឃុំត្រប់ទទួលបាននៅពេលនេះ គឺជាការចូលរួមអភិវឌ្ឍន៍យ៉ាងសំខាន់នៅតាមមូលដ្ឋាន ជាក់ស្តែងនៅក្នុងរដូវប្រាំងកន្លងមកដោយអាកាសធាតុមានការប្រែប្រួលជួបនឹងការរាំងស្ងួតនោះធ្វើឲ្យឃុំមួយនេះជួបនឹងបញ្ហាខ្វះទឹកយ៉ាងខ្លាំងជាពិសេសទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាដើម។

លោកង៉ោ ជោត បានបន្តទៀតថា ក្រៅពីសមិទ្ធផលដែលទទួលបានពីក្រុមហ៊ុនខាងលើអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែសប្បាយចិត្តទៀតនោះគឺប្រជាពលរដ្ឋនៅក្នុងភូមិរោធទើបតែទទួលបានផ្លូវមួយខ្សែប្រវែងជាង១៣គីឡូម៉ែត្រដើម្បីជួយសម្រួលការធ្វើដំណើររបស់ពួកគាត់ ខណៈដែលភូមិដាច់ស្រយាលមួយនេះ មិនដែលមានផ្លូវធ្វើដំណើរអស់ រយៈពេលជិត៤០ឆ្នាំកន្លងមកនេះ។

លោកតាំង សុខឃី តំណាងក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍បានថ្លែងថាក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍បានអភិវឌ្ឍន៍ទៅដល់តំបន់ណា ភូមិឃុំណា គឺតែងតែផ្សាភ្ជាប់ពីសុខទុក្ខជាមួយប្រជាពលរដ្ឋពោលគឺធ្វើយ៉ាងណាជំរុញប្រែក្លាយតំបន់ទាំងនោះ ឲ្យមានការអភិឌ្ឍរីកចម្រើន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពោល គឺមានផ្លូវមានក្តីសង្ឃឹម ឆ្ពោះទៅរកគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។

ពាក់ព័ន្ធនឹងការចូលរួមអភិវឌ្ឍន៍នេះលោកតាំង សុខឃីបានថ្លែងនូវការប្តេជ្ញាចិត្តថា បច្ចុប្បន្នក្រុមហ៊ុនបានកំពុង ខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍន៍នៅក្នុងតំបន់របស់ខ្លួន ក្រោយពីគម្រោងនេះបានដំណើរហើយនោះ ក្រុមហ៊ុនមាន គោលបំណងជ្រើសយកបុគ្គលនៅតាមមូលដ្ឋានចូលបម្រើការងារ ឬការជំរុញឲ្យប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ កសិកម្មនៅជាប់នឹងគម្រោង ទទួលបានការជួយជ្រោមជ្រែង ជាលក្ខណៈបច្ចេកទេសផ្សេងៗ នៅក្នុងការអភិវឌ្ឍន៍ដំណាំ ស្រូវ និងការបរិច្ចាគទឹកជូនទៅពួកគាត់ជាដើមក្នុងការចូលរួមចំណែកអភិវឌ្ឍន៍នៅតាមមូលដ្ឋានពិតៗ៕