រដ្ឋមន្ត្រីការបរទេស​អាមេរិក​បំពេញ​ទស្សនកិច្ច​ទៅកាន់​តំបន់​គ្មាន​កងទ័ព​របស់​កូរ៉េខាងត្បូង​

165

កូរ៉េខាងត្បូង៖ កាលពីថ្ងៃសុក្រម្សិលមិញរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក រ៉េក ធីលឺសុន បានធ្វើដំណើរទៅកាន់តំបន់គ្មានកងទ័ព ដែលជាតំបន់ព្រំដែនដ៏តាន់តឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

S1
លោក ធីលឺសុន បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃសុក្រ សម្រាប់ជើងទី២ នៃដំណើរបំពេញទស្សនកិច្ចរបស់លោកនៅតំបន់អាស៊ី ដោយផ្ដោតសំខាន់លើស្វែងរកវិធីសាស្ត្រថ្មីសម្រាប់កូរ៉េខាងជើង ក្រោយខកខានកិច្ចខិតខំអស់រយៈពេល ២ទសវត្សរ៍ក្នុងការដកហូតសព្វាវុធនុយក្លេអ៊ែរពីរដ្ឋឯកោមួយនេះ។ លោកគ្រោងនឹងមានជំនួបផងដែរជាមួយនាយករដ្ឋមន្ត្រី ហ្វាង ក្យូអាន ដែលបច្ចុប្បន្នជាប្រធានាធិបតីស្ដីទី ហើយលោកនឹងធ្វើសន្និសីទកាសែតរួមគ្នាផងដែរ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក យុន ប្យ៊ុងសេ។

សន្និសីទកាសែតនេះនឹងធ្វើឡើងបន្ទាប់ពីមានជំនួបរបស់អ្នកទាំងពីរ។ សូមបញ្ជាក់ថា លោក ធីលឺសុន ដែលជាអតីតប្រធានប្រតិបត្តិក្រុមហ៊ុនប្រេង ដោយគ្មានបទពិសោធន៍ផ្នែកការទូតពីមុនមកនោះ បានចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចនៅអាស៊ីជាលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិកនៅជប៉ុន កូរ៉េខាងត្បូង ហើយលោកនឹងបន្តដំណើរទៅកាន់ប្រទេសចិននៅថ្ងៃសៅរ៍នេះ៕
អត្ថបទ៖ សារ៉ាត់