ស្វាយរៀង​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០ ឡើងឈរ​កំពូល​តារាង​លី​ហ្គ​សប្ដាហ៍​ទី​៥

36
ស្វាយរៀង ១-០ ​ភ្នំពេញ​ក្រោ​ន

បាល់ទាត់៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនដោយលទ្ធផល ១-០ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោនកាលពីចុងសប្ដាហ៍កន្លងទៅ ដែលធ្វើឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៣ ព្រះខ័នរាជស្វាយរៀងទទួលបាន ៣ពិន្ទុបន្ថែម ដើម្បីឡើងគ្រងតំណែងកំពូលតារាងពិន្ទុបណ្ដោះអាសន្ន ក្នុងការប្រកួតក្របខណ្ឌជើងឯកលីគកំពូលកម្ពុជាសប្ដាហ៍ទី៥។

ស្វាយរៀង ១-០ ភ្នំពេញក្រោន
ស្វាយរៀង ១-០ ភ្នំពេញក្រោន

ការប្រកួតដ៏ធំប្រចាំសប្ដាហ៍នេះក្រុមទាំងពីរបានបង្ហាញទម្រង់លេងដ៏ល្អលើទីលាន និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ក្រុមអ្នកគាំទ្រក្រុមរៀងខ្លួនៗផងដែរ។ សម្រាប់ការប្រកួតវគ្គទី១ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ០-០ គ្មានការស៊ុតបំប៉ោងសំណាញ់ទីឡើយ ប៉ុន្តែចូលវគ្គទី២ ត្រឹមនាទីទី៦៦ ខ្សែប្រយុទ្ធឆ្នើម ប្រាក់ មុន្នីឧត្តម បានទាត់បាល់ពិន័យ Free-Kick ចម្ងាយប្រមាណ ២៥ម៉ែត្រផុតអ្នកចាំទី កែវ សុខសិលា យ៉ាងល្អជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងនាំមុខ ១-០។

M13
ស្វាយរៀង ១-០ ភ្នំពេញក្រោន

បន្ទាប់ពីក្រុមភ្ញៀវទទួលបានគ្រាប់បាល់នាំមុខបែបនេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានព្យាយាមវាយបកយ៉ាងខ្លាំងនៅចុងម៉ោង ខណៈក្រុមព្រះខ័នរាជស្វាយរៀងក៏ព្យាយាមទប់ និងស្វែងរកគ្រាប់បាល់បន្ថែមផងដែរ ប៉ុន្តែក្រុមទាំងពីរធ្វើមិនបានសម្រេចឡើយ ធ្វើឲ្យចប់ការប្រកួតក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះភ្នំពេញក្រោន ១-០។ តាមរយៈជ័យជម្នះនេះបានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀងឈរកំពូលតារាង និងមាន ១៣ពិន្ទុជាមួយលទ្ធផលប្រកួត ៥លើកឈ្នះ៤ និងស្មើ១ ខណៈភ្នំពេញក្រោនធ្លាក់មកឈរលេខរៀងទី៣ និងមាន ១០ពិន្ទុជាមួយលទ្ធផលប្រកួត ៥លើកឈ្នះ៣ ស្មើ១ និងចាញ់១។

ដោយឡែកក្រុមក្រសួងការពារជាតិបានឡើងមកឈរលេខរៀងទី២ បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែម តាមរយៈការយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដោយលទ្ធផល ២-១។ ជ័យជម្នះនេះធ្វើឲ្យក្រុមជើងឯករងឆ្នាំចាស់ក្រសួងការពារជាតិឡើងឈរលេខរៀងទី២ និងមាន ១១ពិន្ទុ ជាមួយនឹងលទ្ធផលការប្រកួត ៥លើកឈ្នះ៣ និងស្មើ២។ ចំណែកក្រុមណាហ្គាវើលគឺបានរក្សាកៅអីចំណាត់ថ្នាក់លេខ៤ របស់ខ្លួនដដែល ក្រោយប្រកួតស្មើក្រុមខេមបូឌានថាយហ្គឺរដោយលទ្ធផល ០-០ ដែលនាំឲ្យក្រុមណាហ្គាវើលទទួលបាន ១ពិន្ទុ មកពង្រឹងកៅអី Top-4 របស់ខ្លួនជាមួយ ៨ពិន្ទុក្នុងដៃ៕

អត្ថបទ លី ឈុនឡា