ក្លឹប​បាល់ទាត់ Fujieda MYFC បាន​យក​ឈ្នះ​ការប្រកួត​ជា​លើកដំបូង​ក្នុង​រដូវ​កាល​២០១៧ នេះ​នៅ​លី​ហ្គ J3

43
Fujieda MYFC 2-1 FC Tokyo

បាល់ទាត់៖ ការប្រកួតបាល់ទាត់លីហ្គអាជីពលំដាប់ទី៣ របស់ប្រទេសជប៉ុន J3 បានចាប់ផ្ដើមការប្រកួតក្នុងសប្តាហ៍ទី២ របស់ខ្លួនសម្រាប់រដូវកាល២០១៧ ដោយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ គឺក្លឹបដែលចាញ់ក្រោមថ្វីដៃក្រុម Gagoshima FC 5-0 ក្រុម Fujieda បានបើកកីឡដ្ឋានរបស់ខ្លួន Fujieda Sports Complex Park ស្វាគមន៍ក្រុមអាយុក្រោម 23ឆ្នាំរបស់ FC Tokyo។

Fujieda MYFC 2-1  FC Tokyo
Fujieda MYFC 2-1 FC Tokyo

សម្រាប់ការប្រកួតរវាងក្រុមទាំង២ គឺមិនមានគ្រាប់ស៊ុតបញ្ចូលទីគ្នាឡើយដោយបញ្ចប់ត្រឹមលទ្ធផល 0-0 ក្នុង ៤៥នាទីដំបូង។ លុះឈានចូលលេងបានត្រឹមតែ ៤នាទីពោលគឺនាទីទី៤៩ កីឡាកររបស់ក្រុម FC Tokyo ជាអ្នកស៊ុតបើកការនាំមុខមុនមកលើក្រុមម្ចាស់ផ្ទះ Fujeida 1-0 ដោយថ្វីជើងកីឡាករខ្សែបំរើកណ្ដាល Yu insoo ជនជាតិកូរ៉េខាងត្បូង។ តែម្ចាស់ផ្ទះដែលត្រូវការពិន្ទុជាចំបាច់នោះ ក៏រកបានគ្រាប់តាមស្មើបានសម្រេចពីកីឡាករ Keisuke Endo ស៊ុតតាមស្មើ 1-1 មុនពេលដែលកីឡាករ Yuchiro Hanamoto ស៊ុតគ្រាប់នាំមុខវិញ 2-1 នាទីទី៨៧ ធ្វើឲ្យទស្សនិកជនខ្លួនប្រមាណជា ៥ពាន់នាក់រីករាយជាខ្លាំង។

Fujieda MYFC 2-1  FC Tokyo
Fujieda MYFC 2-1 FC Tokyo

ឆ្លងតាមរយៈជ័យជំនះ Fujieda MYFC បានរំកិលខ្លួនឡើងមកឈរ៧ ដោយមាន ៣ពិន្ទុដំបូង។ ប៉ុន្តែអ្វីដែលគួរឲ្យអ្នកគាំទ្រកម្ពុជាអស់សង្ឃឹមនោះគឺ នៅតែមិនទាន់ឃើញមានវត្តមានរបស់កម្ពុជាគឺខ្សែប្រយុទ្ធ CV11 ចាន់ វឌ្ឍនាកា បានចូលលេងនៅឡើយដោយគ្រូបង្វឹកលោក Oishi បានប្រាប់ថា វឌ្ឍនាកា មិនទាន់ស៊ាំជាមួយការរស់នៅជប៉ុនមិនទាន់បានល្អ ១០០ភាគរយនៅឡើយ។ ដោយឡែកឯការប្រកួតសប្តាហ៍ទី៣ របស់ Fujieda MYFC នឹងធ្វើដំណើរទៅកាន់ក្លឹប Azul Claro Numazu នៅថ្ងៃសៅរ៍ទី២៥ ចុងសប្តាហ៍នេះដោយមានការផ្សាយបន្តផ្ទាល់ផងដែរពីទូរទស្សន៍ព័ត៌មាន BTV៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ