សម្តេចក្រុមព្រះ​ ៖ លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​អាច​ជួបគ្នា​បានទេ

1516

ព្រះវិហារ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅចំពោះមុខអ្នកគាំទ្រប្រមាណជាង ៧០០នាក់ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បានមានកន្ទួលថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន មិនអាចជួបជុំគ្នាបានទេ ព្រោះម្នាក់នៅស្រុកខ្មែរ និងម្នាក់ទៀតនៅក្រៅប្រទេស ។

ក្នុងឱកាសនោះព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមថា “ការដែលគណបក្សសង្គ្រោះជាតិ យកស្លាកគណបក្សដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា ចាប់ដៃគ្នាទៅដាក់នៅទីតាមទីសាធារណៈ និងកន្លែងផ្សេងនោះ មិនបានឆ្លុះបញ្ចាំងពីការរួបរួមគ្នានោះទេ គឺថាពិតគឺទាំងពីរនាក់ បានបែកបាកគ្នាហើយ” ។

ជាមួយគ្នានោះ សម្តេចក្រុមព្រះ ក៏បានរំលឹកដល់កេរ្តិ៍តំណែលដែលជាស្នាមព្រះហស្ត របស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ អំពីបញ្ហាការឈ្នះក្តី ទៅលើប្រទេសថៃ ជុំវិញរឿងប្រាសាទព្រះវិហារ ដោយព្រះអង្គបានតតាំងក្តីជាមួយថៃ នៅតុលាការអន្តរជាតិ នៅក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់ នាឆ្នាំ១៩៦២ ។

បន្ថែមលើនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានអំពាវនាវដល់អ្នកគាំទ្រទាំងអស់ បន្តគាំទ្រគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលជាស្នាមព្រះហស្តរបស់សម្តេចឪ សម្តេចតា សម្តេចតាទូត ឲ្យបានគង់វង្ស ៕

krom pra3 krom pra4 krom pra krom pra2