ក្រុម​​​អត្ត​ព​លិ​ក​វាយ​សី​ចិន​ដណ្ដើម​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ Swiss Open នៅ​ទីក្រុង Basel

94
កីឡា​ការិនី Xiaoxin Chen របស់​ចិន

វាយសី៖ អត្តពលិកចិនជាអ្នកដណ្ដើមបានមេដាយមាសច្រើនជាងគេ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកនេះដោយបាន៤ ក្នុងចំណោម ៥មេដាយនៅថ្ងៃចុងក្រោយនៃការប្រកួតវាយសីក្នុងទីក្រុង Basel ប្រទេសស្វីសដែលជាព្រឹត្តិការណ៍៥ នៃ Grand Prix នារដូវកាលនេះ។

កីឡាករ Dechapol Puavaranukroh និង Sapsiree Taerattanachai របស់ថៃ
កីឡាករ Dechapol Puavaranukroh និង Sapsiree Taerattanachai របស់ថៃ

ដំបូងនេះគឺជាការប្រកួតផ្នែកនារីវាយឯកត្តជនម្នាក់ទល់ម្នាក់កីឡាការិនី Xiaoxin Chen របស់ចិនបានវាយបំបាក់កីឡការិនីមិត្តរួមជាតិដែលជាម្ចាស់គ្រប់គ្រងជើងឯកយុវជន world junior champions,Yufei Chen ដោយលទ្ធផលមិនពិបាក ២សិត០ ពិន្ទុ 21-19 នឹង 21-14 ដូច្នេះមានន័យថានេះជាជ័យជំនះលើកទី២ ក្នុងឆ្នាំនេះរបស់នាង។ បន្តទៅទស្សនាការប្រកួតបុរសនារីវាយដៃគូ គឺក្រុមថៃជាអ្នកទទួលបានមេដាយមាសដោយកីឡាករ Dechapol Puavaranukroh និង Sapsiree Taerattanachai បានចាប់ដៃគ្នាយកឈ្នះទៅលើក្រុមបុរសនារីឥណ្ឌា Praveen Jordan និង Deddy Susanto ដោយលទ្ធផល២សិត០ ក្នុងលទ្ធផលពិន្ទុ 21-18 នឹង 21-15 ។ យើងបន្តទៅទស្សនាការប្រកួតដ៏ជក់ចិត្តដោយការប្រកួតរវាងកីឡាការិនីចិនទាំងពីរគឺ Qingchen Chen បានយកឈ្នះកីឡាការិនី Gabriela Stoeva និង Stefani Stoeva ដែលជាបងប្អូនស្រីបង្កើតគ្នាជនជាតិប៊ុលហ្គារីជាមួយលទ្ធផលពិន្ទុ 21-16 នឹង 21-15 ផងដែរ។

រីឯការប្រកួតផ្នែកបុរស ២នាក់ទល់នឹង ២នាក់កីឡាករចិន Biao Chai ចាប់ដៃគ្នាជាមួយ Wei Hong ដើម្បីយកឈ្នះមិត្តរួមជាតិខ្លួន Liu Cheng និង Nan Zhang ដែលការប្រកួតដ៏ស្វិតស្វាញលេខ៣ សិតពិន្ទុ 13-21, 21-16 នឹង 21-15 ដោយចំណាយពេលជិត២ម៉ោង។ ដោយឡែកឯការប្រកួតចុងក្រោយគេនេះគឺជាវិញ្ញាសាបុរសឯកត្តជនកីឡាករ Dan Lin បានប្រកួតយកឈ្នះកីឡាករ Yuqi Shi ក្នុងលទ្ធផលពិន្ទុ 21-12 នឹង 21-11 ដោយប្រើពេលត្រឹមតែ ៣១នាទីតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ការប្រកួតបន្តក្នុងព្រឹត្តិការណ៍ BWF Grand Prix នឹងបន្តទៅកាន់ទីក្រុងប៉ៃជីងប្រទេសចិននៅកីឡដ្ឋាន Olympic Sports Center ខែក្រោយនេះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ