សម្តេច​តេ​ជោ ​ហ៊ុន សែន ​វាយតម្លៃថា ​អាមេរិក និង​ចិន​មិន​អាច​ទាស់​គ្នា​ទេ​ ព្រោះ​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយគ្នា​ដ៏​សំខាន់

699

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២០ ខែ មីនានេះ បានវាយតម្លៃថា មហាអំណាចធំទាំងពីរ ចិន និងអាមេរិក គឺមិនអាចវាយគ្នានោះទេ ព្រោះប្រទេសធំទាំងពីរនេះ ជាដៃគូពាណិជ្ជកម្មដែលមិនអាចខ្វះគ្នាបាន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពី ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

សម្តេចបានបង្ហាញនូវក្របខណ្ឌជាយុទ្ធសាស្ត្រជាច្រើននោះគឺប្រើប្រាស់ឱកាសនៃការធ្វើចូលរួមនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកដើម្បីជំរុញកំណែទម្រង់ផ្ទៃក្នុងវិញ ដែលនៅថ្ងៃទី២ ធ្នូ ១៩៩៨បន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃអាណត្តិទី២ សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណដែលមុំទី១ នោះគឺការធ្វើសន្តិភាវូបណីយកម្មផ្ទៃក្នុង ក្នុងនោះសម្តេចបានជំរាបជូនបណ្តាភ្ញៀវចូលរួមពីស្ថានភាពលំបាករបស់កម្ពុជា ជាក់ស្តែងនៅខេត្តសៀមរាប នេះ គឺចាប់ផ្តើមពីសណ្ឋាគារចាស់ៗ តែឥឡូវនេះ មានសណ្ឋាគាររាប់រយដែលអាចទទួលភ្ញៀវរាប់លាននាក់មកទស្សនកិច្ចក្នុងរយៈពេល១ឆ្នាំៗ។

ទាក់ទងនឹងវិស័យពាណិជ្ជកម្មពិភពលោកនេះ សម្តេចក៏បានវាយតម្លៃជូនចំពោះមិត្តភ័ក្ដិ បរទេសដែលចូលរួមដោយ បានវាយតម្លៃអំពីបញ្ហាពាណិជ្ជកម្មពិភពលោកដោយសម្តេច មានប្រសាសន៍ថា មហាអំណាចធំទាំងពីរ ចិន និងអាមេរិក គឺមិនអាចវាយគ្នានោះទេ ព្រោះប្រទេសធំទាំងពីរនេះ ជាដៃគូពាណិជ្ជកម្មដែលមិនអាចខ្វះគ្នាបាន។

ឯកឧត្តម ប៉ាន់ សូសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្ដួចផ្ដើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា និងប្រទេសអភិវឌ្ឍតិចតួច LDCs ចំនួន៨ ផ្សេងទៀត។

កិច្ចប្រជុំតុមូលចិន ក៏នឹងជួយគាំទ្រដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ដែលបានក្លាយជាសមាជិកពេញសិទ្ធិ WTO ចូលរួមអនុវត្តមាត្រាទី១២ នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស (Marrakesh) ដែលផ្តោតសំខាន់លើសេចក្តីសម្រេចរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្នុងការដាក់បញ្ចូលប្រទេស LDCs សំឡេង ២/៣ ឲ្យក្លាយទៅជាសមាជិក WTO រៀងរាល់ឆ្នាំ។

ប្រធានបទដែលនឹងត្រូវលើកយកមកជជែកក្នុងកិច្ចប្រជុំតុមូលចិននេះ រួមមានប្រធានបទពាក់ព័ន្ធបទពិសោធន៍នៃការត្រៀមខ្លួនចូលជាសមាជិក និងក្រោយពេលក្លាយជាសមាជិក WTO ដូចជាលក្ខខណ្ឌតម្រូវ បញ្ហាប្រឈម និងកាលានុវត្តភាព និងកាតព្វកិច្ចដែលត្រូវបំពេញចំពោះមុខ។

ការទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតុមូលចិនលើកទី៥នេះ គឺចំពេលដែលប្រទេសកម្ពុជា ត្រូវបានអង្គការពាណិជ្ជកម្មពិភពលោក WTO ជ្រើសរើសជាឯកច្ឆន្ទយកប្រទេសកម្ពុជា ធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច LDCs ដែលមានសមាជិកចំនួន ៣៦ប្រទេស និងសមាជិកសង្កេតការណ៍ចំនួន ៨ប្រទេសផ្សេងទៀត សម្រាប់អាណត្តិឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨៕

hun sen in siemreab1

hun sen in siemreab3 hun sen in siemreab2