ក្រុមហ៊ុន Confirel ​នឹង​ដំណើរ​រោង​ចក្រ​ថ្មី​កែច្នៃ ផលិតផល​ស្ករត្នោត​ និង​ផលិតផល​ម្រេច​កំពត

198

កំពត ៖ ក្រុមហ៊ុន Confirel នឹងដាក់ឲ្យដំណើរការរោង ចក្រ កែច្នៃ ផលិតផលចេញពីស្ករត្នោត និង ម្រេចកំពត ដែលត្រៀមដាក់ឲ្យដំណើរការនៅខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ។

លោក ហ៊ឹម ពិសិទ្ធ ប្រធានផ្នែកផលិតរបស់ក្រុមហ៊ុន Confirel បានថ្លែងប្រាប់ថា ដោយសារតែមួយរយៈចុងក្រោយនេះ ផលិតផលកែច្នៃរបស់កម្ពុជា និងក្រុមហ៊ុនក្នុងស្រុកចេញពីម្រេចនិងស្ករត្នោត មានកំណើននោះ ទើបក្រុមហ៊ុន Confirel សម្រេចបោះទុនវិនិយោគប្រមាណជិត ៧លានដុល្លារអាមេរិក ទិញម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់កែច្នៃនាំចេញ។

លោក បានបន្តទៀតថា ក្រុមហ៊ុនវិនិយោគពេលនេះគឺ ដើម្បីបង្កើនសង្វាក់ផលិតកម្មឲ្យធំជាងមុន ធ្វើទៅជាប្រព័ន្ធស្វ័យប្រវត្តិតែម្តង ហើយក្រុមហ៊ុនកែច្នៃម្រេចកំពត និងស្ករត្នោត ដែលកសិករផលិតបាន ឲ្យពួកគាត់មានតម្លៃបន្ថែម។

លោក បានបញ្ជាក់ថា ឆ្នាំ២០១៧នេះ ក្រុមហ៊ុននឹងប្រមូលទិញឲ្យបាន២០ តោន និងស្ករត្នោតចំនួន ១២០ តោន សម្រាប់យកមកកែច្នៃនាំចេញទៅទីផ្សារចិន តៃវ៉ាន់ បារាំង ហើយមួយរយៈនេះ កំណើនសេចក្តីត្រូវការផលិតផលកែច្នៃរបស់កម្ពុជាកាន់តែច្រើនឡើងៗ ក្នុងមួយឆ្នាំៗ។

សម្រាប់ លោក សំ សារឿន ប្រធានសមាគម លើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ លើកឡើងថា បើធៀបកាលពីឆ្នាំ២០១៥ និង ២០១៦ កន្លងទៅ ការនាំចេញស្ករត្នោត មានកំណើន ៥០% និងបាននាំចេញចំនួន ១៥ប្រទេស ហើយនៅឆ្នាំ២០១៧នេះ គ្រោងនាំចេញជាង ២០ប្រទេសទៀតទៅកាន់សហគមន៍អឺរ៉ុប។

កាលពីឆ្នាំ២០១៦ នេះស្ករត្នោតកំពង់ស្ពឺគ្រោងនាំចេញឲ្យបានប្រមាណ ៥០០តោន ទៅទីផ្សារអន្តរជាតិ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន៨ កំពុងប្រមូលទិញស្ករត្នោតពីកសិករដើម្បីកែច្នៃនាំចេញ។

ក្រុមហ៊ុន Confirel បាននាំចេញស្ករត្នោតបានចំនួន ៨០តោន ស្មើទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារអាមេរិក កាលពីឆ្នាំ២០១៥ និងកាលពីឆ្នាំ២០១៤ នាំចេញបាន ៤០ តោនស្មើទឹកប្រាក់ជាង ១០ម៉ឺនដុល្លារអាមេរិក ដែលភាគច្រើនក្រុមហ៊ុនបាននាំចេញទៅកាន់ប្រទេស តៃវ៉ាន់ ហុងកុង កូរ៉េ និងជប៉ុន៕