ជលផល​ខេត្តក្រចេះ បញ្ជូន​ជនសង្ស័យ​ម្នាក់​ ដែល​ប្រើ​ឧបករណ៍​ឆក់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ​ទៅ​តុលាការ

194

ក្រចេះ ៖ មន្ត្រីជំនាញជលផលខេត្តក្រចេះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស កាលពីចុងសប្តាហ៍កន្លងមកនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើប្រាស់ឧបករណ៍ឆក់ក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ។

មន្ត្រីជំនាញជលផលខេត្តក្រចេះ នៅថ្ងៃទី២០ ខែមីនា នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី១៨ ខែមីនា ចុងសប្តាហ៍កន្លងមកនេះ ក្នុងពេលប្រព្រឹត្តអំពើនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ឆក់ក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ ឋិតក្នុងចំណុចភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ។

លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ បានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ ដែលសមត្ថកិច្ចចម្រុះ ឃាត់ចាប់បាន គឺមានឈ្មោះ ភួង ណាន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី។ វត្ថុតាងរួមផ្សំនៃបទល្មើសដែលរឹបអូសបាន គឺមាន ទូកម៉ាស៊ីន កម្លាំង៦សេះ មួយគ្រឿង អាំងវែកទ័រឆក់ត្រីមួយគ្រឿង អាគុយ៥០អំពែរមួយគ្រឿង ដងឆក់ចំនួនពីរ និងត្រីចម្រុះប្រហែល បីគីឡូក្រាម។

លោក បានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនពេលកំពុងលួចធ្វើសកម្មភាពឆក់ត្រី នៅតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្សផ្សោត ខណៈពេលដែលកម្លាំងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការជាមួយគណៈបញ្ជាការឯកភាពស្រុកចិត្របុរី កម្លាំងកងរាជអាវុធហត្ថស្រុក ឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍ជ្រោយបន្ទាយ និងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស។

លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថែមទៀតថា បន្ទាប់ពីធ្វើការឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីកសាង សំណុំរឿងរួចមក ពេលនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ស្តីពីជលផល។

លោកបានឲ្យដឹងថា បើយោងតាមច្បាប់ ស្តីពីជលផល ត្រង់មាត្រាទី៩៨ ចំណុច៤ចែងថា ការប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រី គឺត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕

n 113172492818703676