ពលរដ្ឋ​ជាង​៥០​គ្រួសារ ​លើកគ្នា​តវ៉ា​សុំបិទ​អាជីវកម្ម​បូម​ខ្សាច់​មួយ​កន្លែង​ក្នុង​ភូមិ​ស្រងាំ​ទេរ ព្រោះ​តែគេ​ដឹក​ខ្សាច់​ខូច​ផ្លូវ​​​​ នៅ​ក្នុង​មូលដ្ឋាន

31

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ នៅក្នុងភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលា ប្អៀរ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ បានលើគ្នាមកតវ៉ានៅចំណុចទីតាំងបូមខ្សាច់មួយកន្លែង នៅក្នុងភូមិស្រងាំទេរ ដើម្បីសុំអោយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញជួយបិទ អាជីវកម្មបូមខ្សាច់មួយនេះ ព្រោះតែកន្លងមកអាជីវកម្មនេះ បានដឹកខ្សាច់ធ្វើអោយផ្លូវលំជាច្រើនកន្លែងនៅក្នុងមូលដ្ឋានរងការខូចខាត។

លោក ប៉ិច សុផា តំណាងប្រជាពលរដ្ឋនៅក្នុងភូមិស្រងាំទេរ បានអោយដឹងថា អាជីវ កម្មបូមខ្សាច់នេះ ជារបស់ជនជាតិវៀតណាមម្នាក់ឈ្មោះ ទ្រី នៅផ្សារក្រោម ក្រុងកំពង់ឆ្នាំង គេបានធ្វើសកម្មភាពបូមខ្សាច់នៅចំណុចនេះជិតមួយឆ្នាំមកហើយ និងលោកមិនបានដឹងថា គេមានច្បាប់ ឫ អត់ច្បាប់នោះទេ។ ប៉ុន្តែកន្លងមកជិតមួយឆ្នាំនេះ រថយន្តដឹកខ្សាច់នេះបានធ្វើអោយផ្លូវលំនៅក្នុងភូមិជាច្រើនកន្លែងបានរងការខូចខាត និងមិនបានឃើញម្ចាស់អាជីវកម្មនេះ ជួយជួសជុលផ្លូវក្នុងភូមិដែលរងការខូចខាតនោះឡើយ។ ចំណែកអាជ្ញាធរភូមិឃុំក៏មិនបានអើពើនិងរឿងខូចផ្លូវដោយសារអាជីវកម្មបូមខ្សាច់នេះដែរ។ ម្យ៉ាងទៀតប្រជាពលរដ្ឋនៅក្នុងភូមិសុំទុក ខ្សាច់នៅចំណុចនេះប្រើប្រាស់ កសាងសំណង់នានា នៅក្នុងភូមិ ប្រសើរជាងពួកគាត់ទៅទិញខ្សាច់ពីភូមិផ្សេង ដែលមានតម្លៃថ្លៃ ហើយបែរជាបណ្តោយអោយគេបូមយកខ្សាច់អស់ពីក្នុងភូមិខ្លួនឯងទៅវិញ។

តំណាងប្រជាពលរដ្ឋ បានអោយដឹងទៀតថា កន្លងមកជាង១០ថ្ងៃ ហើយគាត់បានដាក់លិខិតមានមេដៃប្រជាពលរដ្ឋជាង៩០គ្រួសារ នៅក្នុងភូមិ សុំបិតអាជីវកម្មបូមខ្សាច់នេះ ជូនលោកមេឃុំរួចហើយដែរ តែមិនឃើញឆ្លើយតប ហេតុនេះ ហើយទើបនៅព្រឹកនេះ ពួកគាត់លើកគ្នាមកសុំតវ៉ា ស្នើសុំដល់អាជ្ញាធរស្រុកខេត្ត និងមន្ទីរជំនាញជួយបិទអាជីវកម្មបូមខ្សាច់មួយនេះផង និងស្នើសុំអោយម្ចាស់អាជីវកម្មនេះ ជួយជួសជុលផ្លូវនៅក្នុងភូមិដែលបានខូចខាតអោយបានល្អឡើងវិញផង។

ទាក់ទងក្នុងរឿងខាងលើនេះ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ នេះ បានបញ្ជាក់អោយដឹងថា អាជីវកម្មបូមខ្សាច់ខាងលើនេះ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយប្រាក់ចំណូល១០ ភាគរយ ត្រូវបង់អោយអាជ្ញាធរ សំរាប់កសាងមូលដ្ឋាន។ ដោយឡែក មកដល់ពេលនេះ លោកមិនទាន់បានទទួលលិខិតណាមួយពីប្រជាពលរដ្ឋក្នុងរឿងសុំបិទអាជីវកម្មបូមខ្សាច់នេះឡើយ ប៉ុន្តែបើមានលិខិតសំណូមពររបស់ប្រជាពលរដ្ឋពិតមែន នោះលោកនឹងយកមកសិក្សាដោះស្រាយជាមួយជំនាញ និងអាជ្ញាធរ ជូនប្រជាពលរដ្ឋអោយបានសមស្រប៕

DSC09310 DSC09297 DSC09299 DSC09298 DSC09301 DSC09294