កម្ពុជា​-​ជប៉ុន ឯកភាព​បង្កើន​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខាង​មេកានិច​ឲ្យ​កាន់តែ​ប្រសើរឡើង​

432

ភ្នំពេញ ៖ កម្ពុជាជប៉ុន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានឯកភាពបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈខាងមេកានិចឲ្យកាន់តែប្រសើរឡើងដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានចំណូលចិត្តផ្នែកនេះដើម្បីឲ្យវិជ្ជាជីវៈអ្នកទាំងនោះកាន់តែប្រសើរឡើង។

ក្រោយជំនួបពិភាក្សាការងារជាមួយ ឯកឧកត្តម កូឈីរ៉ូ កាកេ (Koichiro KAKEE) ឧបការីរបស់អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ជប៉ុន នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា កិច្ចពិភាក្សានេះ ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសផ្នែកជួសជុលរថយន្ត ក៏ដូចជា សុវត្ថិភាពនៃការប្រើប្រាស់រថយន្ត និងចរាចរណ៍។

ឯកឧត្តម បន្តថា ភាគីទាំងពីរបានពិនិត្យ មើលទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុនលើវិស័យនេះ ដែលកន្លងមក ជប៉ុនបានផ្តល់ជំនួយបច្ចេកទេស ក៏ដូចជា កិច្ចសហប្រតិបត្តិការទៅតាមអង្គការទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ ហៅកាត់ ចៃកា សម្រាប់មកដល់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាទៅដល់គ្រឹះស្ថានសិក្សាមួយ ចំនួន ហើយទន្ទឹមនឹងនេះ ក៏បានលើកទឹកចិត្តឲ្យមានការបង្កើននូវគ្រឹះស្ថានបណ្តុះបណ្តាល ឯកជននៅកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាលលើផ្នែករថយន្ត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ភាគីជប៉ុននឹងទទួលបណ្តុះបណ្តាលថែមទៀតដល់សិក្ខាកាមកម្ពុជានៅក្នុងប្រទេស ដើម្បីត្រៀម និងបញ្ជូនទៅបណ្តុះបណ្តាលនៅ ជប៉ុន តាមប្រព័ន្ធបណ្តុះបណ្តាលដែលជប៉ុនផ្តល់ឲ្យកម្ពុជា ដូចនេះ ភាគីទាំងពីរ នឹងជំរុញកិច្ចការនេះបន្ថែមទៀត ព្រោះនេះ ជាវិស័យអាទិភាពមួយនៅក្នុងជំនាញវិជ្ជាជីវៈ ដោយសារការប្រើប្រាស់យានយន្ត ពិសេសរថយន្ត គ្រឿងយន្តផ្សេងៗនៅកម្ពុជាពេលនេះ មានចំនួនកាន់តែកើន តម្រូវការនៃការជួសជុល ការថែទាំ និងសុវត្ថិភាពចរាចរណ៍កាន់តែមានការចាំបាច់។

តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ឲ្យដឹងថា គិតមកដល់ពេលនេះ សិក្ខាកាមដែល កំពុងទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅជប៉ុន មានចំនួនប្រមាណជាង ៣ពាន់នាក់។ ហើយនៅថ្ងៃខាងមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជម្រុញឲ្យបានកាន់តែច្រើន ទៅដល់ចំនួនរាប់ម៉ឺននាក់៕

eat somheng meet jica eat somheng meet jica2 eat somheng meet jica3 eat somheng meet jica1