រឿង​លោក​ ម៉ែន​ វណ្ណៈ​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ ភ្ជង់​កាំភ្លើង​ក្រឡាបញ្ជី​ជា​ជន​ពិការ​ ពុំ​ទាន់​ចប់​ ,​ ក្រសួង​យុត្តិធម៌​ បន្ត​ស៊ើបអង្កេត

436

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ ក្រុមអធិការកិច្ចនៃក្រសួងយុត្តិធម៌ ពុំទាន់ចេញលទ្ធផល ករណី លោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានយកកាំភ្លើងភ្ជង់ក្បាល និងពោះ លើក្រឡាបញ្ជីជាជនពិការ ហើយយកគ្រាប់កាំភ្លើងដាក់ចូលកែវស្រា បង្ខំឲ្យផឹក ថែមទាំងគ្រវែងឈើច្រត់នៅឡើយទេ ។

មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ការស៊ើបអង្កេតនៅតែបន្ត ហើយលទ្ធផល នឹងត្រូវ បង្ហាញជាសាធារណៈ ។ ជំហររបស់ក្រុមអធិការកិច្ចក្រសួងយុត្តិធម៌បែបនេះ គឺ ធ្វើឡើងបន្ទាប់ពីលោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីថ្លែងការណ៍សុំទោស លោកក្រឡាបញ្ជីជាសាធារណៈ ។

លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់ BTV នៅថ្ងៃទី២០ខែមីនា ថា ការងារ និងដំណើការនីតិវិធីអធិការកិច្ចនៅតែកំពុងបន្តដំណើទៅមុខតាមនីតិវិធីច្បាប់ ។លោក បន្ថែមថា តែមិនអាចបង្ហាញជាសាធារណៈបានទេ ដើម្បីរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈ នៃការងារអធិការកិច្ច។ លទ្ធផល និងការសម្រេចចុងក្រោយ នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅពេលបញ្ចប់។

នៅថ្ងៃដដែល BTV ពុំទាន់សុំការបញ្ជាក់បន្ថែមពីលោក ម៉ែន វណ្ណៈ បាននៅឡើយទេ ដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល ។

កន្លងទៅ លោក ឈៀង គីមហាក់ ជាជនរងគ្រោះរៀងរាល់ក្នុងពាក្យបណ្ដឹង ថា កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៦ វេលាម៉ោង១៩និង៣០យប់ លោកបានហូបបាយសាមគ្គីមួយនៅក្រុងច្បារមន ពេលនោះលោក ម៉ែន វណ្ណៈ បានដើរសំដៅមកលោក ដោយមានសភាពស្រវឹង ហើយបានស្រែកឡូឡាក្នុងបន្ទប់ហូបអាហារ ថា កូនចៅមកញាំម៉េចមិនហៅមេ ហើយលោក ម៉ែន វណ្ណៈ បានបង្ខំលោកផឹកស្រាអស់ជាច្រើនកែវ នៅពេលដែលលោកបដិសេធឈប់ផឹក ស្រាប់តែលោក ម៉ែន វណ្ណៈ បានដកកាំភ្លើងអាមេភ្ជង់ក្បាល និងពោះ របស់លោក ។

ក្រោយបញ្ចប់ហេតុការណ៍នេះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ លោក ម៉ែន វណ្ណៈ បានជួបលោកម្តងទៀតនៅភោជនីយដ្ឋានមួយនៅក្បែរផ្សាររាត្រី ស្រាប់តែលោក ម៉ែន វណ្ណៈ យកឈើច្រត់លោកគ្រវែងចោល ហើយបោះពាក្យសម្តី ថា   ” ហ្អែងជាកូនចៅអញ អញលេងសើចប៉ុណ្ណឹងមិនបាន ហ្អែងចង់ធ្វើអីអញ ហ្អែងអស្ចារ្យអី ” ។

ដំណើររឿងត្រួសៗបែបនេះហើយ ទើបលោក ឈៀង គីមហាក់ ដាក់ពាក្យសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ សំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ឲ្យជនពិការផង ។ ករណីនេះ នៅថ្ងៃទី១០ ខែមីនា លោក ម៉ែន វណ្ណៈ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដោយធ្វើការសុំទោសលោក ឈៀង គីមហាក់ ។

ប៉ុន្តែ មជ្ឈដ្ឋានមួយចំនួន យល់ថា កំហុសនេះ គឺ ធ្ងន់ធ្ងរណាស់ ពុំគួរលើកលែងឲ្យឡើយ តែការសម្រេចយ៉ាងណា អាស្រ័យលើក្រសួងយុត្តិធម៌ ៕

btvnews(13-03-2016(2))