មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​សិទ្ធមនុស្ស​កម្ពុជា​ អះអាងថា​ បណ្តឹង​រំលោភ​សិទ្ធមនុស្ស​នៅ​កម្ពុជា​បាន​កំពុង​កើន​ឡើង

355

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា អះអាងថា បច្ចុប្បន្នគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានកំពុងទទួលបានពាក្យបណ្តឹងការរំលោភសិទ្ធមនុស្សមានការកើនឡើងច្រើន ដែលបញ្ហានេះ គណៈកម្មាធិការបានកំពុងទាមទារឲ្យមានការបណ្តុះបណ្តាលមន្ត្រីដើម្បីពង្រឹងសមត្ថភាពក្នុងការងារដោះស្រាយ។

វគ្គបណ្តុះបណ្តាល ស្តីពីការដោះស្រាយ និងអង្កេតស្រាវជ្រាវករណីរំលោភសិទ្ធមនុស្ស ថ្ងៃទី២០ ខែមីនា នៅស្នាក់ការគណៈកម្មាធិការ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ថ្លែងថា ក្នុងមហាជន អង្គការសង្គមស៊ីវិល និងមន្ត្រីបក្សនយោបាយ បានសម្លឹងមើលឃើញថា មានករណីរំលោភសិទ្ធមនុស្សនៅកម្ពុជា គឺគណៈកម្មការ ស្នើសុំយកបញ្ហាទាំងនោះ យកមកដោះស្រាយទាំងអស់គ្នា ដើម្បីលើកកំពស់សិទ្ធមនុស្សនៅកម្ពុជា។

បើតាម ឯកឧត្តម កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ថ្លែងថា បច្ចុប្បន្នមានបណ្តឹងពាក់ព័ន្ធ នឹងសិទ្ធមនុស្សជាច្រើន ដែលគណៈកម្មាធិការទទួលបាន និងកំពុងបានពិនិត្យបើកការដោះស្រាយ និងស៊ើបអង្កេតបណ្តឹងនោះ ហើយថា ក្នុងចំណោមបណ្តឹងដែលគណៈកម្មាធិការទទួលនោះ គឺមានបណ្តឹងមួយចំនួនធំមិនមែនជាបណ្តឹងពាក់ព័ន្ធការរំលោភសិទ្ធមនុស្សនោះ ពោលជាបណ្តឹងពាក់ព័ន្ធបណ្តឹងរដ្ឋប្បវេណីដែលបញ្ហានេះ គឺវាទាមទារឲ្យអាជ្ញាធរមូលដ្ឋានផ្ទាល់ត្រូវធ្វើការដោះស្រាយ។

ឯកឧត្តម ថា រាល់បណ្តឹងភាគច្រើនគឺអ្នកដាក់ពាក្យបណ្តឹងគឺមានការយល់ច្រលំគ្នារវាងការរំលោភច្បាប់រដ្ឋ និងការរំលោភសិទ្ធមនុស្ស។ ឯកឧត្តម បញ្ជាក់ថា គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ក្នុងរយៈ៣ខែ ក្នុងឆ្នាំ២០១៧នេះ ទទួលបានពាក្យបណ្តឹងសិទ្ធមនុស្សពីមហាជនបានចំនួន១២បណ្តឹង ខណៈនៅក្នុងឆ្នាំ២០១៦កន្លងមក គណៈកម្មាធិការទទួលបានបណ្តឹងបានប្រមាណ៣០បណ្តឹង ហើយកំពុងបានធ្វើការដោះស្រាយ។

គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ក្នុងឆ្នាំ២០១៧ គឺបានកំពុងអនុវត្តយុទ្ធនាការធំៗចំនួនបីរួមមាន ៖ ទី១.ការងារអប់រំផ្សព្វផ្សាយច្បាប់ និងសិទ្ធមនុស្សនៅកម្ពុជា ទី២. ការទទួលពាក្យបណ្តឹង ស៊ើបអង្កេតបណ្តឹងរំលោភសិទ្ធមនុស្ស និងទី៣. ការសរសេរនិងផ្តល់របាយការណ៍អនុសាសន៍ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សជូនទៅការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនៅឆ្នាំ២០១៩ខាងមុខនេះ៕

keo remi1 keo remi2 keo remi3