ព្រឹត្តិការណ៍​ប្រណាំង​កង់​ឡើង​ភ្នំ Cape Epic Race ចាប់ផ្ដើម​ការប្រកួត​នៅ​អាហ្វ្រិក​ខាងត្បូង​

138

ប្រណាំងកង់៖ ព្រឹត្តិការណ៍ប្រណាំងកង់ឡើងភ្នំ Cape Epic Race បានចាប់ផ្ដើមការប្រកួតហើយនៅប្រទេសអាហ្វ្រិកខាងត្បូង។

M23
កីឡាករអាល្លឺម៉ង់ Manuel Fumic និងកីឡាករប្រេស៊ីល Henrique Avancini

កីឡាកររបស់ក្រុម Cannondale Factory Racing ទាំងពីរជនជាតិអាល្លឺម៉ង់ Manuel Fumic និងកីឡាករប្រេស៊ីល Henrique Avancini ជាអ្នកផ្ដើមការប្រកួតបានល្អជាងគេ។ ការប្រកួតចាប់ផ្ដើមដំបូងថ្ងៃអាទិត្យម្សិលម៉ិញលើចម្ងាយផ្លូវ ២៦គីឡូម៉ែត្រដែលឆ្លងកាត់ឧបសគ្គជាច្រើនដូចជា ភក់ ល្បាប់ ហាលភ្លៀង និងខ្យល់ជាដើម។ Fumic និង Avancini ដែលជាអ្នកឈ្នះដំណាក់កាលចុងក្រោយឆ្នាំមុននៃព្រឹត្តិការណ៍នេះ នៅតែធ្វើបានល្អទៀតឆ្នាំនេះដោយចំណាយពេលល្អជាងគេ ១ម៉ោង ១នាទី ៥២វិនាទី នៅចំពោះមុខកីឡាករស្វ៊ីសទាំងពីរ Nino Schurter និង Matthias Stirnemann។

M22
កីឡាការិនីអាល្លឺម៉ង់ Sabine Spitz និងកីឡាការិនីអាហ្វ្រិកខាងត្បូង Robyn de Groot

ចំណែកការប្រកួតផ្នែកនារីវិញ ជ័យជំនះដំណាក់កាលចាប់ផ្ដើមបានទៅកីឡាការិនីអាល្លឺម៉ង់ Sabine Spitz និងកីឡាការិនីអាហ្វ្រិកខាងត្បូង Robyn de Groot។ ថ្ងៃអាទិត្យជាដំណាក់កាលចាប់ផ្ដើម តែថ្ងៃចន្ទនេះជាដំណាក់កាលទី១ ដែលមានចម្ងាយផ្លូវជាង ១០០គីឡូម៉ែត្រដែលឆ្លងកាត់ឧបសគ្គជាច្រើនទាំងកត្តាផ្លូវ និងអាកាសធាតុ៕
អត្ថបទ៖នាង សុភាវុធ