មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​ថ្លែង​ថា ​ម៉ាស៊ីន​សាកល្បង​​រ៉ុកកែត​គឺ​ការ​ចាប់​កំណើត​ថ្មី​នៃ ឧស្សាហកម្ម​គ្រាប់​រ៉ុកកែត​

1207

កូរ៉េខាងជើង៖ សារព័ត៌មានផ្លូវការរបស់ប្រទេសឯកោកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា កូរ៉េខាងជើងបានធ្វើការសាកល្បងម៉ាស៊ីន ប្រកបដោយបច្ចេកវិទ្យាខ្ពស់ថ្មីមួយនៅស្ថានីយបាញ់គ្រាប់រ៉ុកកែត Tongchang-ri របស់ខ្លួន ហើយមេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយថា ការសាកល្បងជោគជ័យគឺជាការចាប់កំណើតថ្មីនៃឧស្សាហកម្មគ្រាប់រ៉ុកកែត។

M5ទូរទស្សន៍រដ្ឋ KRT របស់កូរ៉េខាងជើង បានបញ្ចេញរូបភាពសន្លឹកដែលបានថតកាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅថ្មីៗនេះ អំពីម៉ាស៊ីនសាកល្បងគ្រាប់រ៉ុកកែត និងរូបលោក គីម ជុងអ៊ុន កំពុងឈមើលជាមួយមន្ត្រីរបស់លោក។ ទូរទស្សន៍រដ្ឋ KRT និយាយថា ម៉ាស៊ីននេះនឹងជួយឲ្យកូរ៉េខាងជើង សម្រេចបាននូវសមត្ថភាពបាញ់បង្ហោះផ្កាយរណបលំដាប់ពិភពលោក ដោយបង្ហាញថា ការសាកល្បងនេះគឺជាប្រភេទម៉ាស៊ីនបាញ់គ្រាប់រ៉ុកកែតថ្មីមួយ សម្រាប់មីស៊ីលដែលមានរយៈចម្ងាយឆ្ងាយ។

ការប្រកាសបែបនេះធ្វើឡើង ខណៈសហរដ្ឋអាមេរិក និងប្រទេសចិនសន្យាធ្វើការរួមគ្នា ដើម្បីជំរុញឲ្យប្រទេសកូរ៉េខាងជើងបោះបង់ចោលមហិច្ឆតា ផលិតអាវុធមហាប្រល័យនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីប្រមុខការទូតអាមេរិកលោក Rex Tillerson បានជួបជាមួយសមភាគីចិនកាលពីថ្ងៃសៅរ៍ ទី១៨ ខែមីនាកន្លងទៅ៕
អត្ថបទ៖ សុខមាន