មន្ត្រី​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​

170

កំពត ៖ ជាការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ មន្ត្រីកាំកុងត្រូល បានបង្កើនការងារត្រួតពិនិត្យគុណភាពទំនិញនាំចូលពីក្រៅប្រទេសតាមច្រកទ្វារអន្តរជាតិនានា ដើម្បីធានាថា ទំនិញ នាំចូលទាំងនោះគឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។

មន្ត្រីកាំកុងត្រូលខេត្តកំពត បានចុះត្រួតពិនិត្យគុណភាពទំនិញមួយចំនួនដែលបាននាំចូលតាមច្រកទ្វារ អន្តរជាតិព្រែកចាក ក្នុងគោលបំណង ដើម្បីពង្រឹងការអនុវត្តន៍ នៃការគ្រប់គ្រងអំពីគុណភាព សុវត្ថិភាពចំណីអាហារ និងផលិតផលទំនិញទាំងឡាយ សំដៅរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋឲ្យ បានកាន់តែប្រសើរឡើង។

ការត្រូតពិនិត្យនេះ បានធ្វើឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា នេះ តាមគោលការណ៍នៃការអនុវត្តន៍ការគ្រប់គ្រងហានិភ័យ និងកិច្ចការសម្រួលពាណិជ្ជកម្ម ។

មន្ត្រីជំនាញកាំកុងត្រូល បានឲ្យដឹងថា មុខទំនិញមួយចំនួន ត្រូវបានកំណត់ ហានិភ័យរបស់វា ហើយ ផលិតផលម្ហូបអាហារដែលមានហានិភ័យខ្ពស់ ត្រូវបានត្រួតពិនិត្យផ្នែករូបវន្តយ៉ាងហ្មត់ចត់ និងមានការធ្វើតេស្តបឋម ដើម្បីស្វែងរកសារធាតុគីមីខុសច្បាប់ ក្នុងនោះ មានផលិតផលបន្លែ ផ្លែឈើ មឹគ និងបង្គាក្រៀម និងក្លាស្សេ ព្រមទាំងយកគំរូ មកវិភាគនៅមន្ទីរពិសោធន៍ផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការហូរចូលផលិតផលមិនត្រឹមត្រូវតាមបញ្ញត្តិ ឬស្តង់ដារ ពិសេសម្ហូបអាហារខូចគុណភាព ហួសកាលកំណត់ប្រើប្រាស់ និងមានផ្ទុកសារធាតុគីមីហាមឃាត់ ឫ ជាតិពុល។

នៅក្នុងការចុះត្រួតពិនិត្យលើកនេះ មន្ត្រីជំនាញបានធ្វើតេស្ត បឋម មិនបានរកឃើញ ភាពមិនប្រក្រតី ណាមួយទេ ប៉ុន្តែមន្ត្រីជំនាញបានសុំគំរូផលិតផលទាំងនោះ យកទៅពិ និត្យនៅមន្ទីរពិសោធន៍បន្តទៀត។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ បានណែនាំដល់អាជីវករ និងអ្នកនាំទំនិញចូលទាំងអស់ ត្រូវមានឆន្ទៈគិតគូរដល់សុខភាពប្រជាពលរដ្ឋជាធំ និងមានការប្រុងប្រយ័ត្ន ជ្រើសរើសយកតែផលិតផលទំនិញមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព និងពុំមានផ្ទុកសារធាតុគីមីដែលច្បាប់ហាមឃាត់ចូលមកប្រទេសកម្ពុជា។

ច្រកទ្វារអន្តរជាតិព្រែកចាក ឋិតនៅក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច គឺជាច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម ៕

kompot kamkongtrol