ការប្រើប្រាស់​ប្រាក់​រៀល​កើន​ឡើង​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​

99

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា បានអះអាងឲ្យដឹងថា ក្នុងរយៈ២ទសវត្សរ៍ចុងក្រោយនេះការប្រើប្រាស់ប្រាក់រៀល បានកើនឡើងក្នុងអត្រាជាមធ្យម១៧%ក្នុងវិស័យទេសចរណ៍និង២៦%ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា។

ភ្នំពេញ៖ លោកជំទាវ នាវ ចន្ទថាណា ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ឲ្យដឹងជាផ្លូវការនៅក្នុងពិធីអបអរសាទរនៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញខួនលើកទី៣៧ នាព្រឹកថ្ងៃទី២០ មិនានេះថា ការកើនឡើងនៅការប្រើប្រាស់ប្រាក់រៀលនា២ទសវត្សរ៍ចុងក្រោយនេះដោយសារការជឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល។

ជាក់ស្ដែងនៅការប្រើប្រាស់ប្រាក់រៀលនា២ទសវត្សរ៍ចុងក្រោយនេះ បានកើនឡើងក្នុងអត្រាជាមធ្យម១៧%ក្នុងវិស័យទេសចរណ៍ និង២៦%ក្នុងប្រព័ន្ធធនាគារ ខណៈដែលប្រាក់ដុល្លាររូបនីយកម្មមានសមាត្រ៨៣% ដែលជាកម្រិតថេរចាប់តាំងឆ្នាំ២០១២នោះមក។

លោកជំទាវ បានបញ្ជាក់ឲ្យដឹងដែរថា យោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជានិងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ទៅលើស្ថានភាពដុល្លាររូនីយកម្មនៅកម្ពុជាបានបង្ហាញថា ប្រាក់រៀលមានវិសាលភាពចរាចរណ៍នៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាពិសេសភាគច្រើនលើសលប់នៅតំបន់ជនបទ ខណៈដែលប្រាក់ដុល្លារអាមេរិកមានវត្តមានច្រើននៅតំបន់ទីប្រជុំជនពិសេសនៅរាជធានីភ្នំពេញ។

ការប្រើប្រាស់ប្រាក់រៀលមានសារៈសំខាន់ណាស់ចំពោះសង្គមនិងសេដ្ឋកិច្ចជាតិទាំងមូល។ចំពោះផ្នែកសេដ្ឋកិច្ចជាតិវិញប្រាក់រៀល ក៏បានពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុនិងគោលនយោបាយអត្រាប្ដូរប្រាក់ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូលផងដែរហើយតាមរយៈការប្រើប្រាស់ប្រាក់រៀលនេះដែរនូវបានរួមចំណែកជម្រុញការវិនិយោគនិងបង្កើតការងារតាមរយៈឥទ្ធិពលនៃគោលនយោបាយរូបិយវត្ថុលើការបន្ទាបអត្រាការប្រាក់ទីផ្សារ ដែលជាកក្តាកំណត់និន្នាការនៃប្រាក់សម្រាប់ការវិនិយោគនិងផលិតផលនិងឈានទៅជំរុញឲ្យមានការបង្កើតការងារ។

លើសពីនេះទៀត ការប្រើប្រាស់ប្រាក់រៀលនឹងធ្វើឲ្យប្រទេសជាតិទទួលបានប្រាក់ចំណូលពីការបោះពុម្ពនិងស្រូបយកនូវរូបនិយបណ្ណ័ ក៏ដូចការគរពូនជាទុនបម្រុងសម្រាប់ពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនលើវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។

សំខាន់ជាងនេះទៀតរាជរដ្ឋាភិបាលអាចអភិវឌ្ឍន៍ទីផ្សារសញ្ញាប័ណ្ណចារឹកជាប្រាក់រៀលដ៏រឹងមាំមួយដើម្បីគាំទ្រដល់ការផ្ដល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកាត់បន្ថយពីបរទេសតាមរយៈការគៀងគរមូលនិធិពីសាធារណជន។ លោកជំទាវ នាវ ចន្ទថាណាបញ្ជាក់ឲ្យដឹង។

លោកជំទាវបានបន្តថា កំណើនជំនឿទុកចិត្តលើប្រាក់រៀលបានផ្ដល់សុទិដ្ឋិនិយមលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀតជាពិសេស គាំទ្រដោយវត្តមាននៃបុរេលក្ខខណ្ឌចម្បងៗរួមមាន ទស្សនវិស័យវិជ្ជាមានចំពោះកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមជាមួយនឹងស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុយ៉ាងរឹងមាំ។ដូចនេះហើយបានជារាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាបានបន្តគាំទ្រនិងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ក្នុងការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឆ្នាំនេះជាឆ្នាំទី៣៧ឆ្នាំហើយដែលកម្ពុជាបានដាក់ឲ្យចរាចរឡើងវិញនូវការប្រើប្រាស់ប្រាក់រៀលគឺថ្ងៃទី២៥មិនាឆ្នាំ១៩៨០២០មិនាឆ្នាំ២០១៧។

ហើយនេះក៏ជាការបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងវិស័យឯកជនការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាតិក្នុងការធ្វើប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕