រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ទទូច​ដល់​ពលករ​ចង់​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ថា ​សុំ​កុំ​ទៅ​ដោយ​ខុសច្បាប់​

38

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅពថ្ងៃចន្ទ ទី២០ ខែមីនានេះ បានទទូចដល់ ពលករដែលមានចង់ទៅធ្វើការនៅប្រទេសថៃថា សុំកុំទៅដោយខុសច្បាប់ ព្រោះប្រឈមនឹង ភាពរងគ្រោះ។

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវយ៉ាងដូច្នេះ ក្រោយសេចក្តីជូនដំណឹង ស្តីពីការតម្លើងប្រាក់ឈ្នួលអប្បបរមា និងកំណត់ម៉ោងធ្វើការសម្រាប់ ពលករដែលកំពុងធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍។

ឯកឧត្ដមបណ្ឌិត លើកឡើងបន្តថា ខណៈដែលក្នុងមួយខែៗមានចំនួនពលករដល់ទៅរាប់រយ រាប់ពាន់នាក់ចេញទៅដោយខុសច្បាប់ ហើយក៏ត្រូវបានចាប់ និង បញ្ជូនត្រឡប់មកវិញនោះភាគីទាំងពីរ កម្ពុជាថៃ បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងម៉េចឲ្យពលករមិនទាន់មានពាក្យស្របច្បាប់ ងាកមកបំពេញបែបបទដើម្បីអាចទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់។

កាលពីកន្លងទៅថ្មីៗនេះ ក្រសួងការងារថៃបានប្រកាសតម្លើងប្រាក់ឈ្នួលអប្បបរមា និង កំណត់ម៉ោងធ្វើការសម្រាប់ពលករដែលកំពុងធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដូចជា ១ប្រាក់ឈ្នួលអប្បបរមា ៣១០បាតក្នុងមួយថ្ងៃ សម្រាប់ពលករធ្វើការនៅទីក្រុងបាងកក និងខេត្តចំនួន៦ ខេត្តជាប់ទីក្រុងបាងកកប្រាក់ឈ្នួលអប្បបរមា ៣០៨បាតក្នុងមួយថ្ងៃ សម្រាប់ពលករធ្វើការនៅខេត្តចំនួន ១៣ប្រាក់ឈ្នួលអប្បបរមា ៣០៥បាតក្នុងមួយថ្ងៃ សម្រាប់ពលករធ្វើការនៅខេត្តចំនួន ៤៩ និង ប្រាក់ឈ្នួល អប្បបរមា ៣០០បាតក្នុងមួយថ្ងៃ សម្រាប់ពលករធ្វើការនៅខេត្តចំនួន៨៕