អាជីវកម្ម​លក់រាយ​នៅ​ផ្សារ​ទំនើប​គួរ​កំណត់​តម្លៃ​និង​ទូទាត់​ជា​ប្រាក់​រៀល

126

អ្នកជំនាញនិងពាណិជ្ជករនៅនៅកម្ពុជាបានអះអាងថា អាជីវកម្មលក់រាយផ្សារទំនើបនៅកម្ពុជាគួរតែកំណត់តម្លៃ និងការទូទាត់ជាប្រាក់រៀល ក្នុងបំណងចូលរួមលើកកម្ពស់ប្រាក់រៀល។

ភ្នំពេញ៖ លោក ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា ក្នុងនាមសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកភាពក្នុងការឱ្យកំណត់តម្លៃនិងទូទាត់ជាប្រាក់រៀលលើអាជីវកម្មលក់រាយតាមផ្សារទំនើបឬរាល់មុខទំនិញដែលមានតម្លៃក្រោម ៥០ ឬ ១០០ ដុល្លារអាមេរិក។

លោកឧកញ៉ា បានបន្ថែមថា សូមឱ្យយុវជនជំនាន់ក្រោយចូលរួមគិត ចូលរួមធ្វើ និងទទួលខុសត្រូវដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សម្រាប់ លោក ឧកញ៉ា លឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា អាជីវកម្មលក់រាយ ផ្សារទំនើបគួរកំណត់តម្លៃនិងទូទាត់ជាប្រាក់រៀលឬរាល់មុខទំនិញ ដែលមានតម្លៃក្រោម ៥០ ឬ ១០០ដុល្លារអាមេរិក គួរកំណត់តម្លៃនិងទូទាត់ជាប្រាក់រៀលនៅលើទីផ្សារកម្ពុជា។

លោកឧកញ៉ា បានបញ្ជាក់ថា សង្ឃឹមថា ប្រាក់រៀលនឹងត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងជាលំដាប់ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនិងការអនុវត្តគោលនយោបាយស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពថ្លៃដ៏ត្រឹមត្រូវរបស់ធនាគារជាតិនៃកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុងប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងបញ្ជាក់ថា ប្រាក់រៀលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការរបស់វិស័យមីក្រូហិរញ្ញវត្ថុ ហើយប្រជាជននៅតាមជនបទប្រើប្រាស់ប្រាក់រៀលយ៉ាងទូលំទូលាយ។

លោកឧកញ៉ាអះអាងទៀតថា ដើម្បីរួមចំណែកលើកកម្ពស់ប្រាក់រៀលគួរជំរុញឱ្យប្រជាជនបើកគណនីសន្សំជាប្រាក់រៀលឱ្យបានច្រើន។ចំពោះបញ្ហាទាក់ទងនឹងការកាន់ប្រាក់រៀលច្រើននៅក្នុងដៃសម្រាប់ទូទាត់ទំនិញនិងសេវាគឺអាចទូទាត់ទំនិញនិងសេវា តាមរយៈកាតនិងទូរស័ព្ទដៃ។

ទិវាប្រាក់រៀលអបអរសាទរការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញធ្វើឡើងក្នុងគោលបំណងរំឭកខួបការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញព្រមទាំងដើម្បីបង្ហាញវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងវិស័យឯកជនក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាតិរបស់កម្ពុជាក្នុងប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាពិសេសបង្ហាញពីស្មារតីគាំទ្រប្រាក់រៀលពីគ្រប់មជ្ឈដ្ឋាន៕