សេដ្ឋ​វិទូ​ព្រួយបារម្ភ​ពី​ការដំឡើង​អត្រា​ការប្រាក់​របស់​អាមេរិក​សាជាថ្មី​

36

សេដ្ឋវិទូកម្ពុជាលោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានសម្តែងការព្រួយបារម្ភ ចំពោះការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិកម្តងទៀត ក្រោមរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ។

ភ្នំពេញ៖ លោកបណ្ឌិតបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងដំឡើងអត្រាការប្រាក់ម្តងទៀត ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា ព្រោះសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើប្រាក់ដុល្លារ នៅពេលដុល្លារឡើងថ្លៃ មានន័យថាទំនិញកម្ពុជានឹងឡើងថ្លៃ ដែលធ្វើឲ្យលទ្ធភាពនៃការប្រកួតប្រជែងរបស់កម្ពុជាកាន់តែតានតឹងជាងមុន។

លោកបន្តថា “អ្វីដែលលោកព្រួយបារម្ភសព្វថ្ងៃ មិនមែនការដាក់ពិដានការប្រាក់របស់ធនាគារជាតិប៉ុន្មានទេ បើទោះវាធ្វើឲ្យមានសម្ពាធក្នុងវិស័យធនាគារក៏ដោយ ប៉ុន្តែ អ្វីដែលជាការបារម្ភគឺធនាគារកណ្តាលសហរដ្ឋអាមេរិក ដំឡើងអត្រាការប្រាក់ជាថ្មី”។

ធនាគារកណ្តាលសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់០.២៥ភាគរយម្តងរួចមកហើយកាលពីចុងឆ្នាំមុន និងគ្រោងដំឡើងអត្រាការប្រាក់០.២៥ភាគរយម្តងទៀត។

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី បានថ្លែងថា ប្រសិនជាប្រភពលុយនៅតាមធនាគារនានារបស់កម្ពុជាមានប្រភពពីសហរដ្ឋអាមេរិកច្រើន ការដំឡើងអត្រាការប្រាក់ម្តងទៀតលើអត្រា០.២៥ភាគរយ នឹងប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា ប៉ុន្តែបច្ចុប្បន្នកម្ពុជាមានប្រភពថវិកាពីប្រទេសនានាដូចជាសហគមន៍អឺរ៉ុប និងប្រទេសចិនច្រើនជាងមុន។

លោកបន្តថា នៅក្នុងវិស័យធនាគារ ពួកគេនឹងធ្វើការជាលក្ខណៈក្នុងប្រព័ន្ធបែបសាកល ដូច្នេះពេលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ ពួកគេនឹងដំឡើងអត្រាការប្រាក់ផងដែរ។

លោកបន្តថា ដោយសារប្រទេសកម្ពុជាស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងជាប់ចំណាត់ថ្នាក់B2 ជាចំណាត់ថ្នាក់ជាប់ក្នុងកម្រិតហានិភ័យមធ្យម ការខ្ចីប្រាក់ពីធនាគារបរទេសពួកគេបូកហានិភ័យ៥ភាគរយ កំរ៉ៃសេវា១ភាគរយ កិច្ចព្រមព្រៀងប្រើប្រាស់ឥណទាន១ភាគរយ និងថ្លៃសម្រាប់ធ្វើការវាតម្លៃពីឥណទាន០.៥០ទៅ១ភាគរយទៀតពីអ្នកទទួលឥណទាន ឬអ្នកខ្ចីប្រាក់។

លោកបន្តថា ជាមួយការយកសេវាវាយតម្លៃ និងកម្រិតហានិភ័យនេះ បាន ធ្វើឲ្យការប្រាក់ដែលកម្ពុជាទទួលបានមានកម្រិតខ្ពស់ ជានិន្នាការមួយហាក់ដើរបញ្ច្រាសទិសបន្តិច ដែលសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ ប៉ុន្តែកម្ពុជាបែរជាដាក់ពិដានបញ្ចុះអត្រាការប្រាក់៕