ម្ចាស់​ពានរង្វាន់​កីឡា​កម្ពុជា​ឆ្នាំ​២០១៦ នឹង​ត្រូវ​បង្ហាញ​នា​ល្ងាច​នេះ

140

អូឡាំពិក៖ ពានរង្វាន់កីឡាកម្ពុជាលើកទី២ ឆ្នាំ២០១៦ នឹងត្រូវរៀបចំនៅសណ្ឋាគារណាហ្គាវើលនាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះហើយ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងទទួលបានការឧបត្ថម្ភគាំទ្រពីមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល ដើម្បីជាលើកទឹកចិត្តដល់អត្តពលិកឆ្នើមប្រចាំឆ្នាំចំនួន ៩ពានរង្វាន់ផ្សេងៗគ្នា។

 

ចំពោះអត្ដពលិកជ័យលាភីលើពានរង្វាន់ទាំង៩ ដែលនឹងត្រូវបង្ហាញនាល្ងាចនេះ រួមមានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់កីឡាការិនីឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់កីឡាករជនពិការឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់កីឡាការិនីជនពិការឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំប្រចាំ, ពានរង្វាន់រូបភាពកីឡាល្អប្រចាំឆ្នាំ, ពានរង្វាន់ក្រុមកីឡាឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់ព្រឹទ្ធាចារ្យកីឡា និងពានរង្វាន់លើកទឹកចិត្តពិសេសដល់កីឡាប្រពៃណី។ ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅថា ការផ្ដល់ពានរង្វាន់កីឡាកម្ពុជានេះ ត្រូវធ្វើឡើងតាមរយៈការជ្រើសរើសអត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៦ កន្លងទៅយ៉ាងយកចិត្តទុកដាក់ដោយផ្នែកលើសមត្ថភាពជាក់ស្ដែង ដែលអត្តពលិកម្នាក់ៗសម្រេចបានកាលពីឆ្នាំមុន និងប្រកាន់ភ្ជាប់គោលការណ៍តម្លាភាពបំផុត ដើម្បីផ្ដល់យុត្តិធម៌ជូនអត្តពលិកចូលរួម ដែលខិតខំដណ្ដើមស្នាដៃជូនជាតិ។
លោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលបានថ្លែងថា ការរួមចំណែកបង្កើតពានរង្វាន់កីឡាកម្ពុជានេះឡើង គឺដើម្បីលើកទឹកចិត្តការខិតខំរបស់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងព្រឹទ្ធាចារ្យកីឡាកម្ពុជា  ដែលតែងលះបង់កម្លាំងកាយចិត្ត ដើម្បីដណ្ដើមកិត្តិយស និងបង្កើតស្នាដៃជូនជាតិ ហើយបន្តគាំទ្រពួកគេឲ្យខិតខំបន្ថែមទៀត ដើម្បីបន្តយុទ្ធនាចូលរួមប្រកួតលើឆាកអន្តរជាតិ និងដណ្ដើមមេដាយជូនជាតិជាបន្តបន្ទាប់ទៀត៕
អត្ថបទ លី ឈុនឡា