NOCC គ្រោង​ស្នើ​ក្រសួង​អប់រំ​ទម្លាក់​លុយ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​រៀបចំ​ការប្រកួត​ដោយ​ខ្លួនឯង​

59

អូឡាំពិក៖ បន្ទាប់ពីលឺពាក្យរអ៊ូរទាំដដែលៗពីថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិមួយចំនួន ជុំវិញបញ្ហាហិរញ្ញវត្ថុធ្វើឲ្យរាំងស្ទះការរៀបចំការប្រកួតថ្នាក់ជាតិផ្សេងៗ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំគម្រោងស្នើទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទម្លាក់ថវិកាឲ្យសហព័ន្ធកីឡាជាតិរៀបចំការប្រកួតដោយខ្លួនឯងវិញម្ដង ដោយមិនបាច់លូកដៃជួយរៀបចំដូចមុនឡើយ។

T9ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាម្សិលមិញឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថា ក្នុងពេលឆាប់ៗខាងមុខគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងស្នើក្រសួងអប់រំទម្លាក់ថវិកាឲ្យសហព័ន្ធកីឡាជាតិផ្ទាល់តែម្ដង ដើម្បីរៀបចំការប្រកួតថ្នាក់ជាតិផ្សេងៗ ប៉ុន្តែត្រូវរៀបចំដោយខ្លួន ខណៈក្រសួង ឬគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមិនចូលរួមជួយនោះទេ។ ការធ្វើបែបនេះគឺដើម្បីវាស់ស្ទង់គុណផលរបស់សហព័ន្ធកីឡាជាតិនីមួយៗ មានភាពរីកចម្រើនកម្រិតណា សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។

មិនតែប៉ុណ្ណោះឯកឧត្ដមរដ្ឋមន្ត្រីបានជំរុញសហព័ន្ធកីឡាជាតិនីមួយៗ ត្រូវយកចិត្តទុកដាក់លើការពង្រឹងខ្លួនបន្ថែមក្រៅពីការប្រកួត ត្រូវរៀបចំបណ្ដុះបណ្ដាលថ្នាលយុវជនឲ្យបានរីកចម្រើន ដើម្បីត្រៀមការប្រកួតអន្តរជាតិផ្សេងៗនាថ្ងៃអនាគត។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានសហព័ន្ធ ៣០%ប៉ុណ្ណោះដែលអនុវត្តកាតព្វកិច្ចបានល្អ និងទទួលបានជោគជ័យ រីឯសហព័ន្ធ ៧០% ផ្សេងទៀតស្ថិតក្នុងកម្រិតទន់ខ្សោយនៅឡើយ។ ដោយហេតុនេះឯកឧត្ដមបានស្នើគ្រប់សហព័ន្ធ បង្កើនការអភិវឌ្ឍន៍ឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ឬឆ្ពោះទៅរកកម្រិតខ្ពស់ ដើម្បីលើកស្ទួយកិត្យានុភាព នៃវិស័យកីឡាកម្ពុជាឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣តែម្ដង៕

អត្ថបទ លី ឈុនឡា