ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ នៅ​ឃុំ​អូរ​បី​ជាន់ ​ទទួល​អំណោយ​កាក​បាទ​ក្រហមកម្ពុជា

56

បន្ទាយមានជ័យ ៖ ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ខូចខាតផ្ទះសម្បែង នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទទួលអំណោយកាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ។

លោក សួង មឿន មេឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឲ្យដឹងថា ខ្យល់កន្ត្រាក់ក្នុងភ្លៀងកក់ខែរដូវប្រាំងឆ្នាំ២០១៧នេះ ជាលើកទី៣នៅខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា នេះ បានបង្កឲ្យខូចខាតផ្ទះសម្បែងពលរដ្ឋ៦ខ្នងដែរ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងនោះធ្ងន់ធ្ងរ៣ខ្នង ប៉ុន្តែមិមមានគ្រោះថ្នាក់របួស ឬស្លាប់មនុស្សឡើយ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ក្នុងឱកាសចុះចែកអំណោយ បានថ្លែងនូវពាក្យ បណ្តាំសួរសុខទុក្ខ ចូលរួមសោកស្តាយ និងរំលែកការលំបាកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ចំពោះពលរដ្ឋ៦គ្រួសារនៅឃុំអូរបីជាន់នេះ ក៏ដូចពលរដ្ឋ៦គ្រួសារទៀតនៅឃុំសារង្គ ស្រុកស្វាយចេក និងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដែលរងការខូចខាតផ្ទះសម្បែងដោយខ្យល់កន្ត្រាក់។

លោក លី សារី បានណែនាំ និងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិ គ្រោះថ្នាក់នានា ហើយខិតខំថែទាំបង្ការការពារសុខភាព តទល់នឹងកត្តាចង្រៃនានាជាយថាហេតុ និងអយថាហេតុ ដូចជា ហូបស្អាត រស់នៅស្អាត ហើយចូលរួមកិច្ចការប្រកបរបរបង្កបង្កើនផង ដើម្បីចិញ្ចឹមជីវភាព ក៏ដូចជាចូលរួមការងារសង្គម ការអនុវត្តន៍ផែនការភូមិឃុំមានសុវត្ថិភាពជាដើម។

ភ្លៀងកក់ខែលាយខ្យល់កន្ត្រាក់លើកទី៣ ក្នុងរដូវប្រាំង កាលពីថ្ងៃទី១៦ ខែមីនា នេះបានបង្កផលប៉ះពាល់ខូចខាតផ្ទះសម្បែងពលរដ្ឋ១២គ្រួសារ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅឃុំសារង្គ ស្រុកស្វាយចេក និងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

ក្រោយគ្រោះធម្មជាតិនោះ កម្លាំងអាជ្ញាធរខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានចុះជួយរៀបចំរុះរើ និងជួសជុលផ្ទះសម្បែងខូចខាតទាំងនោះជូនពលរដ្ឋឡើងវិញ។ ក្នុងនោះឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានផ្តល់អំណោយជូនពលរដ្ឋរងគ្រោះនូវឈើ និងស័ង្កសី ចំណែកកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនផងដែរ៕

redcross bmc1 redcross bmc