លាមក​គោក្របី ​​ត្រូវបាន​ប្រជាពលរដ្ឋ​លក់​ទៅ​ឲ្យ​ប្រទេស​វៀតណាម

27

ស្វាយរៀង ៖ ជាទូទៅលាមកគោ ក្របី ត្រូវបានគេប្រើប្រាស់ធ្វើជាជី សម្រាប់ដំណាំកសិកម្មរីកលូតលាស់ល្អ តែបច្ចុប្បន្ន ប្រជាពលរដ្ឋ ហាក់ដូចជាមិនសូវចាប់អារម្មណ៍ប្រើប្រាស់លាមកគោក្របីទៅវិញ ហើយបែរជាលក់ចេញទៅប្រទេសវៀតណាម។

លាមកគោ ក្របី ជាច្រើនតោន ត្រូវបានប្រជាពលរដ្ឋលក់ឲ្យក្រុមឈ្មួញ រួចដឹកជញ្ជូនទៅលក់បន្តឲ្យប្រទេសវៀតណាម តាមច្រករបៀង ដោយនាំមកវិញនូវជីគីមី ជាច្រើនតោន ដើម្បីដាំបន្លែ និងផលិតស្រូវទៅវិញ។

ប្រជាពលរដ្ឋរស់នៅភូមិសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានថ្លែងប្រាប់ទូរទស្សន៍ B.T.V នៅថ្ងៃទី២០ ខែមីនា នេះថា ជារៀងរាល់ថ្ងៃ ពួកគាត់បានប្រមូលលាមកគោ ក្របី យកមកសំងួត ដើម្បីលក់ឲ្យឈ្មួញយកកម្រៃខ្លះដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ព្រោះថា លាមកគោក្របីរបស់ពួកគាត់ នៅសល់ច្រើននៅក្នុងរដូវប្រាំង តែបើនៅរដូវវស្សា ពួកគាត់មិនលក់ទេ គឺទុកដាក់ស្រែ ចម្ការ ហើយការលក់នេះ។

លោក ថោង វុទ្ធី ឈ្មួញដើរប្រមូលទិញជីលាមកគោក្របី បានប្រាប់ថា លាមកគោក្របី ជារៀងរាល់ថ្ងៃ ត្រូវបានប្រជាពលរដ្ឋប្រមូលហាលសំងួតច្រកបាវសម្រាប់លក់យកកម្រៃមិនតិចតោនទេ។

លោក បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗ នៅតាមច្រករបៀងស្រុកកំពង់រោទ៍ គ្រាន់តែក្រុមគាត់មួយ ក្នុងមួយថ្ងៃៗ ដើរប្រមូលទិញ និងនាំយកទៅលក់ប្រមាណជិត៥តោនដែរ។

ដោយឡែកលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានទទួលស្គាល់ថា ពិតជាមានប្រជាពលរដ្ឋដឹកជញ្ជូនលាមកគោក្របីទៅលក់ឲ្យប្រទេសវៀតណាមច្រើនគួរសមមែន ហើយការលក់ជីនេះ គឺប្រជាពលរដ្ឋលក់ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ ពិសេសក្មេងៗ យកទៅលក់ ដើម្បីទិញសម្ភារសិក្សាតែប៉ុណ្ណោះ។

លោក បានបន្តថា ការនាំជីយកទៅលក់ឲ្យវៀតណាមនោះ មន្ទីរកសិកម្ម បានចុះអប់រំផ្ទាល់ដល់មូលដ្ឋាន និងផ្សព្វផ្សាយតាម វិទ្យុជាតិខេត្ត ពីសារប្រយោជន៍របស់ជីនោះរួចរាល់ហើយដែរ តែពួកគេនៅតែបន្តលក់ ពីព្រោះជី របស់ពួកគេសល់ច្រើននៅរដូវប្រាំង តែនៅរដូវវស្សាពួកគេទុកបម្រុងផ្គត់ផ្គង់ដីស្រែចម្ការរបស់ពួកគេដែរ៕

cows4 cows3 cows2 cows1 cows