ជន​អន្តោប្រវេសន៍​ជាង​ ១៤០០​នាក់​ដែល​​​​​ឆ្មាំ​សមុទ្រ​អ៊ីតាលី​ជួយ​សង្គ្រោះ​​​ពី​សមុទ្រ​មេឌីទែរ៉ាណេ​បាន​ទៅ​ដល់​កោះ​ស៊ីស៊ីលី​

260

អ៊ីតាលី៖ ជនអន្តោប្រវេសន៍ ១៤៧៧នាក់បានទៅដល់តំបន់ស៊ីស៊ីលីកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីកងទ័ពជើងទឹកអ៊ីតាលីជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ។

T18ឆ្មាំសមុទ្រអ៊ីតាលីបន្តថា ក្រុមអន្តោប្រវេសន៍ទាំងអស់នេះ ត្រូវបានកងកម្លាំងសង្គ្រោះកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ក្នុងប្រតិបត្តិការផ្សេងៗពីគ្នាចំនួន ៧លើកនៅតាមសមុទ្រ ហើយជាមួយគ្នានោះក៏មានទូកមួយគ្រឿង បើកបរឆ្ងាយដាច់តែឯងត្រូវបានជួយសង្គ្រោះភ្លាមៗ ខណៈមានមនុស្ស ៧៤៧នាក់ស្ថិតនៅលើទូកនោះ។ ចំណែកជនអន្តោប្រវេសន៍ម្នាក់ត្រូវបានគេសែងចេញពីនាវា និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មន្ត្រីផ្នែកទំនាក់ទំនងម្នាក់ចេញពីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិហៅកាត់ UNHCR ស្ថិតនៅឯកំពង់ផែអូហ្កូស្ដាឲ្យដឹងថា យ៉ាងហោចណាស់ក៏មានអនីតិជនដែលភៀសខ្លួនមកតែឯងជាង ៦០០នាក់ ដែលគេជឿថាកំពុងស្ថិតនៅលើនាវាមួយគ្រឿងនេះ។

ក្រុមសង្គ្រោះបាននិយាយថា ជនអន្តោប្រវេសន៍ជាង ៣៣០០នាក់ត្រូវបានជួយសង្គ្រោះចេញពីទូកជ័រជាច្រើនគ្រឿង នៅតាមឆ្នេរសមុទ្រប្រទេសលីប៊ីកាលពីថ្ងៃអាទិត្យទី១៩ ខែមីនា ហើយចំនួនទូកដែលបានទៅដល់អ៊ីតាលីក៏បានកើតឡើងប្រហែល ៥០%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ រិទ្ធី