កម្ពុជា​-ឡាវ ​រួមគ្នា​បង្កើន​ជើងការ​ហោះហើរ​បន្ថែម​ ដើម្បី​តម្រូវការ​ភ្ញៀវ​ទេសចរណ៍

101

ភ្នំពេញ ៖ ប្រទេសកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង សាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ តាមរយៈក្រសួង សាធារណៈការ និងដឹកជញ្ជូន បានឯកភាព និងយល់ព្រមរួមគ្នាបង្កើនជើងហោះហើរបន្ថែមទៀត ដើម្បីឆ្លើយតប នឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជាឡាវ។

លោក វ៉ាន់ ចន្ទី ប្រធាននាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស បានប្រាប់ថា បច្ចុប្បន្ននេះ កម្ពុជាឡាវកំពុងមានក្រុមហ៊ុនធ្វើប្រតិបត្តិការហោះហើរចំនួន៣ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិឡាវ និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម តែក្រុមហ៊ុនទាំង៣ទើបនឹងបានប្រតិបត្តិការហោះហើរបាន១៧ជើងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។

លោក ប្រាប់បន្តថា ឆ្លងកាត់ការឯកភាពគ្នានេះភាគី នៃប្រទេសទាំងពីរ នឹងបង្កើនជើងហោះហើរអោយបាន២១ជើងទៅ៣០ជើង ក្នុងមួយសប្តាហ៍បន្តទៀត ដើម្បីឆ្លើយតប នឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ នៃប្រទេសជុំវិញពិភពលោក ព្រោះឆ្នាំ២០១៦កន្លងទៅ មានមានភ្ញៀវទេសចរណ៍ចូល កម្ពុជា តាមជើងហោះហើរជិត២០ម៉ឺននាក់ តាមរយៈលទ្ធផលទាំងអស់នេះកម្ពុជារំពឹងថា នឹងមានភ្ញៀវទេសចរណ៍ចំរុះមកកាន់កម្ពុជា តាមជើងហោះហើររហូតដល់ជាង២០ម៉ឺននាក់ បន្ថែមទៀត។

ក្នុងនេះដែរ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កម្ពុជាបានលើកឡើងថា កម្ពុជាតែងបើកចំហជើងមេឃ និងបង្កើនជើងហោះហើរ ជានិច្ចជាមួយ នឹងបណ្តាក្រុមហ៊ុនហោះហើរលើពិភពលោក ដែលមានបំណងជើងការហោះហើរត្រង់មកកាន់កម្ពុជា ព្រោះកម្ពុជាចង់អោយភ្ញៀវទេសចរណ៍ជុំវិញពិភពលោកមកទស្សនានៅកម្ពុជា ក៏ដូចជាបង្កើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈភ្ញៀវទេសចរណ៍ យកលុយមកចាយនៅកម្ពុជា៕