កីឡាករ​អាល្លឺម៉ង់ Manuel Fumic និង​កីឡាករ​ប្រេ​ស៊ី​ល Henrique Avancini បន្ត​នាំមុខ​រួម ក្រោយ​ឈ្នះ​ដំណាក់​កាល​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ Cape Epic Race

52

ប្រណាំងកង់៖ កីឡាករប្រណាំងកង់អាល្លឺម៉ង់ Manuel Fumic និងកីឡាករប្រេស៊ីល Henrique Avancini ក្រោយពីយកឈ្នះដំណាក់កាលចេញដំណើរកាលពីថ្ងៃអាទិត្យហើយ បានបន្តយកឈ្នះដំណាក់កាលទីមួយទៀតថ្ងៃចន្ទ ដើម្បីបន្តនាំមុខរួមក្នុងការប្រកួតប្រណាំងកង់ឆ្លងកាត់ឧបសគ្គ Cape Epic Race នៅអាហ្វ្រិកខាងត្បូង។

 

ការប្រកួតដំណាក់កាលទី១ ម្សិលម៉ិញមានចម្ងាយផ្លូវ ១០១គីឡូម៉ែត្រដែលក្នុងនោះមានជិះឡើងភ្នំ ២៣០០ម៉ែត្រ ជុំតំបន់ប្រជុំជន Hermanus ខណៈដែលកីឡាករទាំងពីរបានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ម៉ោង ២៥នាទី ៣៥វិនាទី។ លេខ២ ក្នុងដំណាក់កាលគឺជើងឯក ៥សម័យ Jaroslav Kulhavy មកពីឆេក រួមជាមួយដៃគូសញ្ជាតិស្វ៊ីស Christoph Sauser។ លេខ៣ បានទៅកីឡាករអាល្លឺម៉ង់ Jochen Kaess និង Markus Kauffmann។ ជ័យជំនះបានធ្វើអោយ Manuel Fumic និង Avancini នាំមុងក្នុងតារាងវេលារួមដាច់អ្នកលេខពីរ ២នាទី ៤៧វិនាទី កីឡាករឆេក Kulhavy និង Sauser ខណៈដែលលេខ៣ គឺកីឡាករស្វ៊ីស Nino Schuter និង Matthias Stirnemann។

ចំណែកការប្រកួតផ្នែកនារីវិញកីឡាការនីស្វ៊ីស Esther Suss និងមិត្តរួមក្រមសញ្ជាតិស៊ុយអែត Jennie Stenerhag ជាអ្នកឈ្នះក្នុងដំណាក់កាលប្រើពេល ៥ម៉ោង ១០នាទី ៤វិនាទី និងបន្តនាំមុខក្នុងតារាងវេលារួមផងដែរមានវេលាសរុប ៦ម៉ោង ២៦នាទី ១០វិនាទី៕
អត្ថបទ៖នាង សុភាវុធ