បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បញ្ជាក់ថា ​របប​ប្រាក់​សោធន​សម្រាប់​វិស័យ​ឯកជន ​គ្រោង​នឹង​ដាក់​ឲ្យ ​ដំណើរការ​ឆាប់ៗ

113

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប ស ស នៅថ្ងៃទី ២១ ខែមីនានេះ បានបញ្ជាក់ ថា បេឡាជាតិរបបសន្តិសុខសង្គម គ្រោងនឹងដាក់ឲ្យដំណើរការរបបប្រាក់សោធន ក្នុង ពេលឆាប់ៗខាងមុខ ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការវិភាគហិរញ្ញវត្ថុរបបប្រាក់សោធន ដែលធ្វើនៅសណ្ឋាគារ ភ្នំពេញ លោក អ៊ុក សមវិទ្យា នាយបេឡាជាតិរបបសន្តិសុខសង្គម មានប្រសាសន៍ ថា ដើម្បីឲ្យមានការជឿទុកចិត្ត មន្ត្រីពាក់ព័ន្ធត្រូវសិក្សា ស្រាវជ្រាវការរៀបចំទាំងលិខិតបទដ្ឋាន និងបច្ចេកទេស ផ្សេងៗប្រកបដោយការយកចិត្តទុកដាក់ ជាពិសេសការវិភាគលើនិរន្តភាពហិរញ្ញវត្ថុ សំដៅយ៉ាងណាឲ្យរបបនេះទទួលបានប្រសិទ្ធិភាព និងអាចទទួលយកបានទាំងភាគីនិយោជក និងភាគីកម្មករនិយោជិត ព្រោះថាភាគី ទាំងពីរជាអ្នកចូលរួមចំណែកបង់ភាគទាន។

លោកនាយក លើកឡើងបន្តថា ដើម្បីឲ្យការងារនេះអាចបន្ត សម្រេចបានតាមការគ្រោងទុក លោកស្នើឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់របស់បេឡាជាតិរបបសន្តិសុខ សង្គមបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាពិសេសនិយោជក ម្ចាស់សហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិត ដើម្បីរួមចំណែកពង្រឹង និងពង្រីករបបសន្តិសុខសង្គមស្របតាមផែនការដែលបានគ្រោង ទុក។

លោក នូណូ សុនហា (Nuno Cunha) ជំនាញការជាន់ខ្ពស់ផ្នែកគាំពារសង្គមប្រចាំ តំបន់នៃអង្គការអន្តរជាតិ ខាងការងារ អាយឡូ លើកឡើងថា របបប្រាក់សោធន ឬសោធនជរាភាពត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំពារដល់ជនចាស់ជរា ដែលជាកម្លាំងពលកម្មសកម្មនាពេលបច្ចុប្បន្ន និងចូលរួមចំណែកលើកកម្ពស់ផលិតភាពពលកម្មផងដែរ ព្រោះថា តាមរយៈរបបនេះកម្លាំងពលកម្មបច្ចុប្បន្ន មានភាពកក់ក្តៅចំពោះអនាគតរបស់ខ្លួនទោះកំពុងធ្វើការក្នុងវិស័យឯកជនយ៉ាងណាក្តី៕

ut somvichea1 ut somvichea2