Manchester Derby លើក​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា​

223

បាល់ទាត់៖ ការប្រកួត Manchester Derby រវាងក្រុមរួមទីក្រុង Manchester ទាំងពីរ Manchester City ទទួលស្វាគមន៍ Manchester United នឹងត្រូវលើកទៅថ្ងៃទី២៧ ខែមេសាចំថ្ងៃព្រហស្បតិ៍។

 

តាមពិតទៅការប្រកួតរវាងក្រុមទាំងពីរនៅ Etihad Stadium ត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ តែក៏ត្រូវបានលើកពេលវិញដោយសារ Manchester United ត្រូវធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ EFL Cup ដែលយកឈ្នះ Southampton ៣-២ នោះ។ កាលវិភាគប្រកួតថ្មីរបស់ក្រុមទាំងពីរនេះមានន័យថា Manchester City ត្រូវប្រកួតបួនថ្ងៃបន្ទាប់ពីជួប Arsenal នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ខណៈ Manchester United ជួប Burnley នៅ Premier League។ គ្រូបង្វឹកបិសាចក្រហម Manchester United, Jose Mourinho បានសំដែងការមិនពេញចិត្តចំពោះកាលវិភាគប្រកួតរបស់ Premier League រដូវកាលនេះ ដោយក្រុមរបស់លោកត្រូវលេង ៩ប្រកួតក្នុងខែមេសាខាងមុខនេះ បូករួមទាំងពីរប្រកួតនៅ UEFA Europa League។

ជួបគ្នានៅទឹកដី Old Trafford កាលពីដើមរដូវកាលខែកញ្ញាកន្លងទៅ Manchester City យកឈ្នះ ២-១ តែក្រុមរបស់លោក Pep Guardiola ក៏ចាញ់វិញ ១-០ នៅ EFL Cup មួយខែក្រោយមក។ រំលឹកថា ចុងក្រោយបំផុតនៃជំនួប Manchester Derby ដែលធ្វើឡើងចំថ្ងៃព្រហស្បតិ៍បែបនេះគឺនៅឆ្នាំ១៩៩៤ ដោយពែលនោះ Manchester United យកឈ្នះ ៥-០៕
អត្ថបទ៖នាង សុភាវុធ