ទីក្រុង​សេ​អ៊ូ​ល​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម​នៅ​ជិត​សភា​អង់គ្លេស​ដែល​​សម្លាប់​មនុស្ស​ ៥​នាក់​

155

កូរ៉េខាងត្បូង៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញក្រសួងការបរទេសកូរ៉េខាងត្បូង បានធ្វើការថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅជិតសភាអង់គ្លេសដែលបណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងនោះពលរដ្ឋកូរ៉េខាងត្បូង ៥នាក់បានរងរបួសផងដែរ។

Th2ជនដៃដល់បានបើករថយន្តបុកអ្នកដំណើរទាំងកម្រោល នៅលើស្ពាន Westminster Bridge បន្ទាប់មករថយន្តបានបន្ថែមល្បឿនទៅបុកនឹងរបងជុំវិញសភា ហើយមន្ត្រីនគរបាលម្នាក់ត្រូវបានឧក្រិដ្ឋជនដេញចាក់នឹងកាំបិត។ យ៉ាងហោចណាស់មនុស្ស ២០នាក់បានរងរបួសនៅលើស្ពាននេះ។ ក្រសួងបាននិយាយថា ស្ត្រីជនជាតិកូរ៉េខាងត្បូង ៣នាក់ និងបុរសម្នាក់ដែលពួកគេមានវ័យ ៥០ឆ្នាំ និង ៦០ឆ្នាំបានរងរបួសបាក់ឆ្អឹង។ រីឯស្ត្រីម្នាក់ទៀត ដែលមានវ័យជាង ៦០ឆ្នាំបានរងរបួសក្បាលដោយសារដួល ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីវះកាត់។

សូមបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃពុធកន្លងទៅ គឺការវាយប្រហារឲ្យមនុស្សស្លាប់ច្រើនបំផុតនៅអង់គ្លេស ចាប់តាំងពីជនអ៊ីស្លាមសញ្ជាតិអង់គ្លេស ៤នាក់បានសម្លាប់អ្នកដំណើរ ៥២នាក់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត លើប្រព័ន្ធគមនាគមន៍របស់ទីក្រុងមួយនេះកាលពីខែកក្កដា ឆ្នាំ២០០៥៕

អត្ថបទ៖ សារ៉ាត់