គ្រូ​កម្ពុជា​៖ ទោះបី​កូន​ក្រុម​មាន​វ័យក្មេង​ក៏​មិន​ញញើត​ក្រុម​ម្ចាស់ផ្ទះ​ហ្សកដានី​

647
រូបឯកសារ

បាល់ទាត់៖ លោក Leonardo  Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានចាត់ទុកជំនួប ជាមួយក្រុមម្ចាស់ផ្ទះហ្សកដានីយប់នេះគឺជាការប្រកួតមួយដ៏សំខាន់ ហើយលោកក៏បានត្រៀមខ្លួនជាស្រេច ដើម្បីជួបក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីនេះដែរដោយមិនខ្លាចញញើតនោះឡើយ បើទោះបីកូនក្រុមមួយចំនួនមានវ័យក្មេងក៏ដោយ។

 

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនក្រុមទាំងពីរជួបគ្នា បើកឆាកវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងអាស៊ី Asian Cup 2019 ពូលC នៅលើទីលានពហុកីឡដ្ឋានអន្តរជាតិ King Abdullah II នៃប្រទេសហ្សកដានីនាវេលាម៉ោង ១១យប់នេះលោក Leonardo Vitorino បានទទួលស្គាល់ហ្សកដានីគឺជាក្រុមខ្លាំង ប៉ុន្តែលោកថាកូនក្រុមរបស់ខ្លួនក៏មិនធម្មតាដែរ។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលដដែលបានបញ្ជាក់ថា ថ្វីត្បិតការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិកម្ពុជាមានរយៈពេលខ្លី ហើយកីឡាករមួយចំនួនមានវ័យក្មេងក្ដី ប៉ុន្តែពួកគេពិតជាខិតខំប្រឹងប្រែងខ្លាំង និងធ្វើបានល្អទៅតាមការណែនាំរបស់ខ្លួន ដូច្នេះលោកមិនសូវព្រួយបារម្ភចំពោះការប្រកួតជាមួយក្រុមម្ចាស់ផ្ទះហ្សកដានីនោះទេ ព្រោះក្រុមជម្រើសជាតិកម្ពុជាទៅទីនោះដើម្បីលេងបាល់។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតផ្លូវការលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកប្រេស៊ីលលោក Leonardo Vitorino ហើយការប្រកួតដ៏អស្ចារ្យនេះ ក៏នឹងមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័នព័ត៌មាន BTV-News ផងដែរ។ ហើយក្រៅពីការប្រកួតនេះក្រុមម្ចាស់ផ្ទះអាហ្វហ្កានីស្ថាន ក៏នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិវៀតណាមក្នុងពូលC នៅថ្ងៃជាមួយគ្នានេះផងដែរ៕

អត្ថបទ លី ឈុនឡា