ជន​ស៊ីវិល​នៅ​តំបន់​ភាគ​ខាងលិច​ទីក្រុង​ម៉ូ​ស៊ូ​ល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ និង​កង​កម្លាំង​អ៊ីរ៉ាក់

94

អ៊ីរ៉ាក់៖ ជនស៊ីវិលដែលព្យាយាមរត់គេចចេញពីតំបន់ឡោមទ័ពរបស់ក្រុមរដ្ឋអ៊ីស្លាម នៅតំបន់ភាគខាងលិចទីក្រុងម៉ូស៊ូល ត្រូវបានបាញ់សម្លាប់ដោយអ្នកបាញ់កាំភ្លើងស៊ីបរបស់ពួករដ្ឋអ៊ីស្លាមជ្រុលនិយមមួយនេះ និងកងទ័ពអ៊ីរ៉ាក់ ខណៈដែលពួកគេព្យាយាមឆ្លងកាត់ទន្លេទីគ្រីស។ នេះបើយោងតាមសម្ដីរបស់សាក្សីម្នាក់ដែលជាប់ខាងក្នុងទីក្រុងជាមួយក្រុមគ្រួសាររបស់គាត់។

W3នៅក្នុងបទសម្ភាសន៍នឹងកាសែត The Independent លោក Jasim គឺជាសាសនិកអ៊ីស្លាមនិកាយស៊ុននីអ៊ីរ៉ាក់ វ័យ៣៣ឆ្នាំ ដែលកំពុងរស់នៅតំបន់ភាគខាងលិចទីក្រុងម៉ូស៊ូលជិតស្ពានទី៥ ឆ្លងកាត់ទន្លេទីគ្រីសបាននិយាយថា “ខ្ញុំចង់ជួយសង្គ្រោះម្ដាយរបស់ខ្ញុំ ហើយនឹងនាំគាត់ទៅតំបន់ភាគខាងកើត ប៉ុន្តែវាគ្រោះថ្នាក់ខ្លាំងណាស់។ មនុស្ស ៣នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ជិតខាងរបស់យើង ដែលបានព្យាយាមឆ្លងកាត់ទន្លេទៅត្រើយខាងកើត។ ពួកគេត្រូវបានបាញ់សម្លាប់ដោយអ្នកបាញ់កាំភ្លើងស៊ីប”។ លោក Jasim បានពន្យល់ទៀតថា “ក្រុមរដ្ឋអ៊ីស្លាម មានក្រុមអ្នកបាញ់កាំភ្លើងស៊ីប ដែលកំពុងលាក់ខ្លួនតាមច្រាំងទន្លេទីគ្រីសចន្លោះស្ពានទី៥ និងទី៦”។

លោកនិយាយថា “បញ្ហានៅត្រង់ថាសូម្បីតែនៅពេលយប់ក៏មិនងាយស្រួលដែរ។ កងទ័ពអ៊ីរ៉ាក់ក្រុមនគរបាលសហព័ន្ធ និងកងកម្លាំងប្រឆាំងនឹងអំពើភេរវកម្ម នឹងបាញ់សម្លាប់នរណាម្នាក់ដែលចេញពីតំបន់ភាគខាងលិចទីក្រុង ស្របពេលដែលមានបម្រាមគោចរនៅពេលយប់នោះ ហើយពួកគេមានការជឿជាក់ថា អ្នកដែលចេញពីតំបន់ភាគខាងលិចទីក្រុងគឺជាក្រុមសកម្មប្រយុទ្ធរបស់រដ្ឋអ៊ីស្លាម៕
អត្ថបទ៖ សារ៉ាត់