សេដ្ឋវិទូ ​និង​អ្នកជំនាញការ​ទម្លាក់ ​អត្រា​ការប្រាក់​ ទឹក​ភ្លើង​ និង​ដំឡើង​ប្រាក់ខែ​គ្រូ​ជា​ការ​លើក​កំពស់​ផលិតភាព​សេដ្ឋកិច្ច

147

ភ្នំពេញ ៖ សេដ្ឋវិទូ និងក្រុមអ្នកជំនាញ បានលើកឡើងស្រដៀងគ្នាថា ការដំឡើងប្រាក់ខែគ្រូបង្រៀន មន្ត្រីរាជការ និងការទម្លាក់តំលៃទឹក ភ្លើង និងអត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ ជាការជួយលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់បានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៩ មីនា ថា ការទំលាក់តំលៃទឹកភ្លើង ទំលាក់អត្រាការប្រាក់ពី៣០មកត្រឹម១៨ភាគរយ ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១ មេសា ខាងមុខនេះ ជាវិធានការណ៍ដ៏ល្អរបស់រដ្ឋាភិបាល ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន និងអាចសន្សំប្រាក់បានច្រើនជាងមុន។

លោក បន្តថា “វិធានការណ៍នេះ នឹងធ្វើឲ្យផលិតភាពសេដ្ឋកិច្ចកើនឡើងនៅកម្ពុជា ហើយប្រាសាក់នឹងអនុវត្តន៍បញ្ចុះអត្រាការប្រាក់ តាមការប្រកាសរបស់រដ្ឋាភិបាល ដែលនឹងចាប់អនុវត្តន៍ពីថ្ងៃទី១មេសា ខាងមុខនេះ”។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី បានថ្លែងឲ្យដឹងផងដែរថា ការរីកចំរើនរបស់ប្រទេសជាតិ វាមានភាពរួមផ្សំពីការរីកចំរើនលើជីវភាពរបស់ប្រជាពលរដ្ឋ ដូចនេះការបង្កើនប្រាក់ខែគ្រូបង្រៀន នឹងជួយជីវភាពពួកគាត់កាន់តែល្អប្រសើរ ធ្វើឲ្យពួកគេមានទឹកចិត្តបង្រៀន សម្រាប់អនាគតកូនខ្មែរជំនាន់ក្រោយ ។ ចំណែកការបញ្ចុះតំលៃទឹក ភ្លើងជាផលប្រយោជន៍ដែលប្រជាជននឹងទទួលបានទាំងអស់គ្នា។

លោក បន្តថា ងាកមកវិញមីក្រូហិរញ្ញវត្ថុឯណេះវិញ នៅពេលអត្រាការប្រាក់ទាប វានឹងជួយឲ្យមានផលិតកម្មកាន់តែច្រើន និងផ្តល់ការបង់ពន្ធជូនរដ្ឋាភិបាលកាន់តែច្រើន ប៉ុន្តែស្ថាប័នមីក្រូហិរញ្ញវត្ថុត្រូវធ្វើការច្រើនជាងមុន ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា សម្រាប់អ្នកប្រើប្រាស់អ្វីក៏ដោយឲ្យតែចុះថ្លៃ តែងតែមានការសប្បាយចិត្ត ហើយអ្នកក្រីក្រ អ្នកមិនសូវមានលទ្ធភាពសប្បាយចិត្តជាងគេ ប៉ុន្តែការបញ្ចុះតំលៃទឹកភ្លើងត្រូវធ្វើយ៉ាងណាកុំឲ្យខាត បើខាតបង់រដ្ឋាភិបាលត្រូវឧបត្ថម្ភធន។ ចំណែកការផ្គត់ផ្គង់អគ្គិសនី មិនមែនជាទីកន្លែងរកប្រាក់ចំណេញទេ ដូច្នេះធ្វើយ៉ាងណាឲ្យតែរួចខ្លួនបានហើយ ព្រោះនៅពេលអគ្គិសនីចុះថោក វានឹងជួយដល់ផលិតភាពសេដ្ឋកិច្ច។

លោកបណ្ឌិតបន្តថា “នៅពេលគ្រូបង្រៀនមានប្រាក់ខែកើនឡើង ពួកគេនឹងខំ បង្រៀន មានកំលាំងចិត្តបង្រៀន ដែលអាចលើកកំពស់គុណភាពអប់រំនៅស្រុកយើង”។លោក បន្តថា “វិស័យអប់រំមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ច និងប្រទេសរបស់យើង ព្រោះបើយុវជនមិនរៀន តើពួកគេធ្វើអ្វីនាពេលអនាគត ហេតុនេះ ការអប់រំមានសារៈសំខាន់ណាស់ ព្រោះនៅកម្ពុជាមានយុវជនវ័យក្មេងច្រើន”។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា នៅពេលតំលៃអគ្គិសនី ទឹក ការប្រាក់ថយចុះ និងប្រាក់ខែគ្រូបង្រៀនកើនឡើង នឹងធ្វើឲ្យជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋល្អជាងមុន ទំនិញចុះថោក ហើយប្រជាពលរដ្ឋអាចមានលទ្ធភាពទិញអ្វីផ្សេងទៀតច្រើនជាងមុន ហើយពេលណាមានអ្នកទិញច្រើន ផលិតភាពនឹងកើនឡើង សេដ្ឋកិច្ចកម្ពុជាជាស្វ័យប្រវត្តិនឹងល្អជាងមុន៕

btvnews(01-03-2016(1)) btvnews(02-03-2016(2)) btvnews(09-03-2016(1)) btvnews(22-03-2016(7))