មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អំពាវនាវ​ឱ្យ​អាជ្ញាធរ ស្រុក​ជើងព្រៃ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

98

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយប្រធាននិងអនុប្រធានក្រុមបក្សក្នុងឃុំព្រីងជ្រំ ស្រុកជើងព្រៃ ខេត្តកំពង់ចាមអំពាវនាវឲ្យ អាជ្ញាធរត្រូវតែធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អដើម្បីបង្កនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ា ឈឿន បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកត្រូវតែពង្រឹងលើការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អទាំងក្នុងពិធីបុណ្យចូលឆ្នាំ រហូតដល់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដោយធានាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាបណ្ដាបក្សនយោបាយនានា។

ជាមួយគ្នានេះ ឯកឧត្ដមសំណូមពរឲ្យទប់ស្កាត់ឲ្យបាននូវក្រុមក្មេងទំនើងដែលតែងដើរបង្កភាពអានាធិបតេយ្យ ក្នុងពិធីបុណ្យទាននានា ត្រូវកំណត់មុខសញ្ញាតាមដាននូវរាល់សកម្មភាពជនដែលសង្ស័យ ដើម្បីទប់ស្កាត់កុំឲ្យមានការប្រព្រឹត្តបទល្មើសកើតមាននៅក្នុងមូលដ្ឋាន។

លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានឲ្យដឹងថា អាជ្ញាធរស្រុកបានប្រជុំបែងចែកភារកិច្ចក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមគោលដៅសំខាន់ៗក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ បានរួចរាល់អស់ហើយក្នុងការទប់ស្កាត់មិនឲ្យមានបាតុភាពអសន្តិសុខដែលបង្កនូវភាពភ័យខ្លាចណាមួយដល់ប្រជាពលរដ្ឋក្នុងពិធីជួបជុំក្រុមគ្រួសារសប្បាយរីករាយក្នុងពិធីបុណ្យខាងមុខនេះឡើយ។

លោកអភិបាលស្រុកលើកឡើងថា កម្លាំងសមត្ថកិច្ចទាំងនគរបាលកងរាជអាវុធហត្ថ និងប្រជាការពារ បានបែងចែកគោលដៅឈរជើងសំខាន់ៗជាពិសេសនៅតាមទីអារាម តាមទីប្រជុំជន តាមភូមិ និងតាមកន្លែងកម្សាន្តសប្បាយនានា ធ្វើយ៉ាងណាទាំងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងការធ្វើដំណើរតាមដងផ្លូវ ត្រូវតែធានានូវសុវត្ថិភាពឲ្យបានល្អជូនប្រជាពលរដ្ឋហើយអាជ្ញាធរក៏បានហាមដាច់ខាតមិនឲ្យលេងល្បែងស៊ីសង ឬល្បែងអ្វីដែលបង្កគ្រោះថ្នាក់និងបាត់បង់សណ្ដាប់ធ្នាប់ដល់សង្គមឡើយ ដូចជាការលេងល្បែងស៊ីសង បៀរ អាប៉ោង ការលេងជះទឹក ឬប៉ាតម្សៅជាដើម៕