ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នឹង​មាន​ការ​ហ្វឹកហាត់ និង​ប្រកួត​គ្រប់​កីឡា​នា​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

113

អូឡាំពិក៖ ដំណាក់កាលទី១ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋានត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចក៏អញ្ជើញបើកការដ្ឋានសាងសង់ដំណាក់កាលទី២ គឺកីឡដ្ឋានធំ ឬកីឡដ្ឋានបាល់ទាត់ស្តង់ដារអន្តជាតិនាឱកាសនោះផងដែរ។

T13ទន្ទឹមនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកីឡា ដ៏ល្អប្រណិតលើកដំបូងនៅកម្ពុជានេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ចំពោះហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបានសាងសង់រួចជាស្ថាពរក្នុងដំណាក់កាលទី១ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងជំរុញសហព័ន្ធកីឡាពាក់ព័ន្ធឲ្យរៀបចំសកម្មភាពហ្វឹកហាត់ និងការប្រកួតថ្នាក់ជាតិ-អន្តរជាតិផ្សេងៗ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ឯកឧត្ដម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ជារួមគ្រប់សហព័ន្ធកីឡាជាតិទាំងអស់នឹងត្រូវមកបោះជំរំហ្វឹកហាត់ ក៏ដូចជារៀបចំការប្រកួតផ្សេងៗនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោយ៉ាងយូរបំផុតត្រឹមចុងឆ្នាំ២០២០ បន្ទាប់ពីកីឡដ្ឋានធំបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដើម្បីពង្រឹងសមត្ថភាពត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការលើកឡើងបែបនេះបានធ្វើឡើងឡើងក្នុងពិធីក្រុងពាលី មុនពិធីបើកការដ្ឋានសាងសង់កីឡដ្ឋានធំ និងសម្ពោធមណ្ឌលកីឡាហែលទឹក និងមណ្ឌលកីឡាក្នុងសាលកាលពីល្ងាចមិញ។

T12គួរបញ្ជាក់ថា សមិទ្ធផលដំណាក់កាលទី១ ដែលត្រូវសម្ពោធដាក់ប្រើប្រាស់មុនគេ រួមមានមណ្ឌលកីឡាហែលទឹក និងមណ្ឌលកីឡដ្ឋានក្នុងសាលដែលមានទីលានបាល់បោះ, បាល់ទះ, បាល់ទាត់ក្នុងសាល, វាយកូនឃ្លីលើតុ និងកីឡាប្រយុទ្ធជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាចំណាយលើការសាងសង់អស់ជាង ៣០លានដុល្លារ។ ប៉ុន្តែអ្វីដែលគួរឲ្យមោទនភាព គឺការបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ដ៏ធំ អាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺននាក់ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន ដែលត្រូវប្រើពេលសាងសង់ចំនួន ៤០ខែ និងចំណាយថវិកាប្រមាណ ១៥៧លានដុល្លារតែម្ដង៕

អត្ថបទ លី ឈុនឡា