ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២០១៧នេះ ​ថយ​ចុះ​តិចតួច​បើ​ប្រៀប​ធៀប​ ឆ្នាំ​២០១៦

80

ភ្នំពេញ ៖ បើទោះបីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានការរឹតបណ្តឹងច្រើនក្នុងគោលបំណងដើម្បីកាត់បន្ថយ អោយបានចំពោះគ្រោះថ្នាក់ចរាចរណ៍នោះ ក៏ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ នេះ មានការថយចុះតិចតួចប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ប្រចាំត្រីមាស ទី១ ឆ្នាំ២០១៧ ដែលបានបង្ហាញ នៅក្នុងអង្គប្រជុំត្រួតពិនិត្យលទ្ធផលការរឹត បន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ ឆ្នាំ២០១៧ កាលពីទី៣ ខែមីនា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

របាយការណ៍ បញ្ជាក់ទៀតថា ថ្ងៃខ្លះ ចំនួនគ្រោះថ្នាក់ និងចំនួនជនរងគ្រោះបានកើនឡើងខ្ពស់ខុសប្រក្រតីដែលបណ្តាពីការបើកបរធ្វេសប្រហែស និងបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវដោយការបើកលើសល្បឿនកំណត់ ការមិនគោរពសិទ្ធ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការបត់ការជែង ការដឹកលើសចំណុះ មិនពាក់មួកសុវត្ថិភាពជាដើម។

ថ្លែងក្នុងពិធីនេះ សម្តេចក្រឡាហោម ស ខេងបានលើកឡើង ថាបញ្ហាកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើននោះ គឺដោយការបើកបរ លើសលឿនដែលច្បាប់កំណត់។ សម្តេចក្រឡាហោមជំរុញអោយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធរឹតបណ្តឹងរឿងនេះ ធ្វើអោយអ្នកបើកបរគោរពច្បាប់យល់ដឹងពីរច្បាប់ចរាចរណ៍។

សម្តេចក្រឡាហោម លើកឡើងទៀតថា បើធ្វើមិនបានមានន័យថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ដែល បានបង្កើតនោះមិនបានការ។

របាយការណ៍ដដែលបានវាយតំលៃថា មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿន កំណត់មាន៣៥% មិនគោរពសិទ្ធ១៧% ស្រវឹង១៣% មិនប្រកាន់ស្តាំ១១% វ៉ាជែង១០% បត់១០% កត្តាយានយន្ត២% និងកត្តាផ្លូវ១%