មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមូលដ្ឋានលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

103

កំពង់ធំ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងថា បើទោះជារាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យយកលុយថ្លៃ សេវាផ្សេងៗពីប្រជាពលរដ្ឋ តែថ្នាក់ក្រោម នៅតែបន្តយកលុយដដែល តាមរយៈការធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសេវាផ្សេងៗទៀត។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើសុំឲ្យអាជ្ញាធរឃុំសង្កាត់ ក្រុង ស្រុក និងខេត្ត ធ្វើយ៉ាងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ដោយការលុបបំបាត់ការយក លុយថ្លៃសេវាផ្សេងៗពីប្រជាពលរដ្ឋ។

ឯកឧត្តម បានធ្វើសំណើរដូច្នេះ កាលពីរសៀលម្សិលម៉ិញ ថ្ងៃទី០៣ ខែមេសា នេះ ក្នុងពិធីប្រកាស តែងតាំងមុខតំណែងអភិបាលរងខេត្តកំពង់ធំថ្មី លោក ញឹក បានខេង ឋានន្តរសក្ដិ វរមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។

ឯកឧត្តម បានបញ្ជាក់ថា បើតាមព័ត៌មានដែលពលរដ្ឋប្រាប់លោក គឺមន្ត្រីថ្នាក់ក្រោម នៅតែបន្តយកសេវាខ្ពស់ពីប្រជាពលរដ្ឋដដែល ចំពោះការផ្តល់សេវាសាធារណៈ ជាពិសេសការធ្វើសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ នេះជាបញ្ហាដែលអាជ្ញាធរចាប់ពីឃុំ សង្កាត់ ស្រុក ក្រុង និងខេត្ត ត្រូវតែយក ចិត្តទុកដាក់។

ឯកឧត្តម បានបន្តទៀតថា ចំណុចមួយទៀតដែលត្រូវតែយកចិត្តដាក់ដែរនោះ គឺបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលអាចបង្កជាអំពើចោរកម្ម ធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដែលទើបតែប្រកាសតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្ត ខិតខំ អនុវត្តឲ្យបានម៉ត់ចត់តាមច្បាប់រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍របស់រាជរដ្ឋាភិបាល អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជ រដ្ឋាភិបាល ខិតខំអនុវត្តតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ និងខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងពង្រឹង និងថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ៕

sak sitha sak sitha2 sak sitha1