គោរព​ច្បាប់​ និង​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ ​ជា​កត្តា​សំខាន់​ក្នុង​ការ​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​

79

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៧ ម្សិលម៉ិញ នេះ ខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ ដើម្បីជាការរំឭកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឲ្យភ្ញាក់រឭកគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។

អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួ ច័ន្ទឌឿន បានថ្លែងថា ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក លើកទី១០ នាពេលនេះ គឺជាការវាយជួងជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យលាន់ស្នូររំពងសព្វ ទិសា រួមជាមួយនឹងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវឲ្យផ្លាស់ប្ដូរឥរិយាបថ ដែលមិនគោរពច្បាប់ចរាចរណ៍ មកប្រកាន់យកឥរិយាបថគោរពច្បាប់ចរាចរណ៍ ដោយត្រូវមានការយល់អធ្យាស្រ័យ ទើបរួមគ្នាកាត់បន្ថយគ្រោះថ្នាក់បាន។

ឯកឧត្តម បានបន្តថា តាមការសង្កេតលើស្ថានភាពចំនួនគ្រោះថ្នាក់ចរាចរណ៍ ច្រើនកើតឡើងនៅក្នុងបុណ្យចូលឆ្នាំខ្មែរ ទើបប្រមុខរាជរដ្ឋាភិបាល បានសម្រេចយកកម្មវិធីនេះ រៀបចំឲ្យបានមុនពេលបុណ្យចូលឆ្នាំខ្មែររៀងរាល់ឆ្នាំ សំដៅក្រើនរំឭក ពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើរលើដងផ្លូវ ដើម្បីចៀសឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

យោងតាមរបាយការណ៍ស្នងការនគរបាលខេត្ត បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តកំពង់ឆ្នាំង បានកើតឡើងចំនួន៦៩ករណី ថយចុះ៦១ករណី ធៀបនឹងឆ្នាំ២០១៥ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៤៧នាក់ ថយចុះ២២នាក់ ធៀបឆ្នាំ២០១៥ និងអ្នករបួស ចំនួន១៧៥នាក់ថយចុះ៨៧នាក់ ប្រៀបធៀបឆ្នាំ២០១៥។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយកត្តាបីយ៉ាងសំខាន់ៗ គឺ ១កត្តាមនុស្ស អ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ បើកបរដោយធ្វេសប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់ពួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ ២កត្តាយានយន្ត ដោយម្ចាស់យានយន្តទាំងនោះ មិនថែទាំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមពេលកំណត់ ធ្វើឲ្យអ្នកបើកបរមិនអាចបញ្ជាយានជំនិះបាន នៅពេលកំពុងបើកបរ ដូចជាហ្វ្រាំងមិនស៊ី បែកកង់ ភ្លើងបំភ្លឺមិនភ្លឺ ។ល។ និង៣កត្តាផ្លូវ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននៅមិនទាន់មានលក្ខណៈបច្ចេកទេសស្តង់ដារ ដូចជា ផ្លូវគ្រលុក ផ្លូវកោងខ្លាំង ផ្លូវធំ តែមានស្ពានតូចចង្អៀត និងពុំទាន់បំពាក់ផ្លាកសញ្ញាចរាចរណ៍ឲ្យបានគ្រប់គ្រាន់នៅលើដងផ្លូវមួយចំនួន ដែលកត្តាទាំងនេះ ត្រូវចូលរួមទប់ស្កាត់។

ឯកឧត្តម ឈួ ច័ន្ទន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ត្រូវពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានរឹងមាំ គ្មានល្បែងស៊ីសង ចោរកម្មលួចឆក់ និងក្មេងទំនើង ជាពិសេសគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ។ ម្យ៉ាងទៀត ត្រូវនាំគ្នាធ្វើអនាម័យ និងតុបតែងលម្អផ្ទះសម្បែង មន្ទីរ អង្គភាព និងកន្លែងលក់ដូរក្នុងផ្សារ ដើម្បីទីក្រុងស្អាត និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងពិធីបុណ្យ។ ដោយឡែកប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នករត់ម៉ូតូឌុប ចំនួន៣៤០នាក់ ត្រូវបានឯកឧត្តមអភិបាលខេត្ត ចែកជូនមួកសុវត្ថិភាពម្នាក់មួយៗផងដែរ៕

 

speak traffice kn2speak traffice kn1speak traffice kn