បឹងកេត​រក​បាន ១​ពិន្ទុ​ពី​ម្ចាស់​ផ្ទះ Magwe ក្នុង​ជំនួប​ជើង​ទី​២ ពាន AFC Cup 2017

51

បាល់ទាត់៖ ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជារកបានត្រឹម ១ពិន្ទុប៉ុណ្ណោះពីការប្រកួតជើងទី២ ជាមួយក្រុម Magwe FC របស់មីយ៉ាន់ម៉ានៅលើទឹកដីនៃទីក្រុងយ៉ាំងហ្គោន ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីម្សិលមិញ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងអាស៊ី AFC Cup 2017 ខណៈកាលពីជើងទី១ ក្រុមបឹងកេតបានយកឈ្នះ ១-០ នៅលើទឹកដីខ្លួន។

Th12ជាមួយនឹងការប្រកួតបញ្ចប់ដោយភាពតានតឹងជាលើកទី២ នេះ ក្រុមទាំងពីរបានរក្សាលទ្ធផល ០-០ នៅវគ្គទី១ រហូតដល់នាទីទី៦១ ទើបមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ ឃួន ឡាបូរ៉ាវី ជួយឲ្យក្រុមបឹងកេតអង្គរនាំមុខ ១-០។ ប៉ុន្តែ ២នាទីក្រោយមកត្រូវបានកីឡាករ Sekou Sylla វាយបកជួយក្រុមម្ចាស់ផ្ទះ Magwe តាមស្មើ ១-១ ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។ តាមរយៈការរកបានត្រឹម ១ពិន្ទុម្នាក់នេះដែរ បានធ្វើឲ្យក្រុមទាំងពីររក្សាចំណាត់ថ្នាក់ដដែលនៅក្នុងពូល F ដោយក្រុមបឹងកេតអង្គរឈរចំណាត់ថ្នាក់លេខ៣ និងមាន ៤ពិន្ទុក្នុងដៃជាមួយលទ្ធផល ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់២ ខណៈក្រុម Magwe FC បន្តឈរបាតតារាង និងមាន ២ពិន្ទុជាមួយលទ្ធផល ៤ប្រកួតស្មើ២ និងចាញ់ ២ប្រកួត។

នៅយប់ថ្ងៃដដែលនោះក្រុម Global FC របស់ហ្វីលីពីនបានវាយបកយកឈ្នះក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ីដោយលទ្ធផល ៣-២ នៅក្នុងជំនួបជើងទី២ លើទឹកដីខ្លួន ដើម្បីឡើងគ្រងតំណែងកំពូលតារាងបណ្ដោះអាសន្ន ខណៈកាលពីជើងទី១ ក្រុម Johor បានលត់ក្រុម Global FC រហូតដល់ទៅ ៤-០ ឯណោះ។ ជ័យជម្នះនេះបានជួយក្រុម Global FC ឡើងឈរលេខ១ ក្នុងពូលF វិញ បន្ទាប់ឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងចាញ់១ មាន ៩ពិន្ទុ។ រីឯក្រុម Johor ឈរលេខរៀងទី២ និងមាន ៧ពិន្ទុជាមួយការប្រកួត ៤លើកឈ្នះ២ ស្មើ១ និងចាញ់១៕

អត្ថបទ លី ឈុនឡា