ក្រុមអាជីវករ​ផ្សា​បឹង​កុក រអ៊ូរទាំ​នឹង​បញ្ហា​សំរាម​ដែល​គេ​គរ​ទុកចោល​បង្ក​ក្លិនស្អុយ

138

កំពង់ចាម ៖ ខណៈដែលរដ្ឋបាលខេត្តកំពង់ចាម កំពុងតែរៀបចំសម្អាតទីក្រុង ដើម្បីទទួល សង្ក្រាន្តឆ្នាំថ្មីនោះ ផ្សារបឹងកុក ដែលមានទីតាំងនៅក្នុងក្រុងកំពង់ចាម គឺត្រូវបានអាជីវករ អះអាងថា កំពុងតែត្រូវបានធ្វើឲ្យអាប់ឱនមុខមាត់ ដោយសារតែបញ្ហាសំរាម។

ក្រុមអាជីវករផ្សារបឹងកុក បានឲ្យដឹងថា ជាច្រើនថ្ងៃមកហើយ ដែលសំរាមត្រូវបានគេប្រមូលគរទុកចោល នៅក្នុងបរិវេណផ្សារ មិនបានប្រមូលយកទៅចាក់ចោលនៅទីតាំងចាក់សំរាមខាងក្រៅនោះ ដែលបញ្ហានេះ វាបានធ្វើឲ្យប៉ះពាល់ដល់ការលក់ដូររបស់ពួកគេ ដោយត្រូវបង្ខំចិត្តវែកសំរាមដែលមានក្លិនស្អុយ ដើម្បីយកកន្លែងលក់ដូរ។

ក្រុមអាជីវករទាំងនោះ បានថ្លែងថា ពួកគេមិនដឹងថា ហេតុអ្វីបានជាសំរាមនេះ មិនត្រូវបានគេប្រមូល យកទៅចោល។ ហើយពេលដែលពួកគេបានសួរទៅអ្នកយកភាស៊ីផ្សារនោះ គឺគេបានត្រឹមតែ និយាយថា ចាំបន្តិចទៀត មានគេមកប្រមូលសំរាមហើយ តែរហូតមកដល់ថ្ងៃនេះហើយ នៅមិនទាន់មានអ្នកណាមកប្រមូលទៀត។

ក្រុមអាជីវករ បានបញ្ជាក់ទៀតថា សំរាមដែលនៅគរដូចភ្នំនេះ គឺវាប្រែទៅជាមានក្លិនស្អុយអសោចចេញជាសត្វដង្កូវទៀតផង តែដោយសារពួកគេគ្មានកន្លែងសម្រាប់អង្គុយលក់ដូរ ណាមួយទីនេះ ជាកន្លែងដែលពួកគេធ្លាប់លក់ដូរជាយូរមកហើយ ទើបពួកគេបង្ខំចិត្តវែកសំរាមអង្គុយលក់ទៅ អ្នកណាទ្រាំបានចេះតែទ្រាំទៅ អ្នកខ្លះទ្រាំមិនចង់បានត្រូវពាក់ម៉ាស់ ព្រោះវាធុំក្លិនស្អុយខ្លាំងពេក។

ប្រធានផ្សារបឹងកុក លោក ស្រេង រ៉ា មិនអាចសុំការអត្ថាធិប្បាយពាក់ព័ន្ធ នឹងការទុកសំរាមគរចោលនេះទេ៕

IMG_2564 IMG_2563 IMG_2566 IMG_2565 IMG_2562 IMG_2561