អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ៣​រូប​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​

48
កីឡាករ សេន ប៊ុនថេន

ប្រដាល់៖ កីឡាករ សេន ប៊ុនថេន, ម៉ឺន សុភា និងកីឡាករ ឡៅ ចន្ទ្រា ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជូនទៅចូលរួមប្រកួតលក្ខណៈមិត្តភាពអន្តរជាតិមួយ នៅប្រទេសបារាំងនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ខណៈឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធបានចាត់ទុកបេសកកម្មមួយនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់កីឡាករកម្ពុជា ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខ។

កីឡាករ ម៉ឺន សុភា
កីឡាករ ម៉ឺន សុភា

មុនឡើងយន្តហោះកីឡាករ សេន ប៊ុនថេន សិស្សគុនក្លឹបតាព្រហ្មមានជ័យបានឲ្យដឹងថា នេះមិនមែនជាលើកទី១ នោះទេ ដែលខ្លួនបានចេញទៅប្រកួតក្រៅប្រទេស ប៉ុន្តែលើកនេះខ្លួនហាក់មានការព្រួយបារម្ភច្រើនដោយសារបញ្ហាកម្លាំងថយចុះ។ តែយ៉ាងណាអ្នកលេងជំនាញទាត់រូបនេះបានប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការខិតខំប្រឹងប្រែងប្រកួតឲ្យបានល្អ ដើម្បីដណ្ដើមយកកិត្តិយសត្រឡប់មកជូនជាតិវិញឲ្យបាន។ ចំណែកកីឡាករ ម៉ឺន សុភា សិស្សគុនក្លឹបក្រសួងការពារជាតិ និងកីឡាករ ឡៅ ចន្ទ្រា សិស្សគុនក្លឹបកងទ័ពឆ័ត្រយោងលេខ៩១១ ដែលជាបេក្ខភាពកីឡាករជម្រើសជាតិត្រៀមស៊ីហ្គេមឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខបានលើកឡើងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បេសកកម្មមួយនេះ ហើយក៏មានការរំពឹងខ្ពស់ក្នុងការដណ្ដើមខ្សែក្រវាត់ឲ្យបានផងដែរ។ ពិសេសគឺការទទួលបាននូវបទពិសោធន៍ថ្មី ដើម្បីត្រៀមបង្ហាញខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧ នេះតែម្ដង។

កីឡាករ ឡៅ ចន្ទ្រា
កីឡាករ ឡៅ ចន្ទ្រា

នៅក្នុងឱកាសជូនដំណឹងកីឡាករឡើងយន្តហោះនោះដែរលោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរបានមានប្រសាសន៍ថា នេះជាការប្រកួតដ៏សំខាន់សហព័ន្ធដែលកីឡាករកម្ពុជាទាំង៣ ត្រូវជួបកីឡាករខ្លាំងៗ របស់ម្ចាស់ផ្ទះបារាំង ដើម្បីវាស់ស្ទង់សមត្ថភាពអ្នកប្រដាល់យើងមុនពេលទៅស៊ីហ្គេម។ ម្យ៉ាងទៀនេះក៏ជាឱកាសមួយដែលធ្វើឲ្យយើងចំណេញ ការផ្សព្វផ្សាយពីប្រដាល់គុនខ្មែររទៅកាន់ប្រជាពលរដ្ឋបារាំង ដើម្បីឲ្យគេដឹងពីភាពអស្ចារ្យនៃប្រដាល់គុនខ្មែរទៀតផង៕

អត្ថបទ៖ លី ឈុនឡា