បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ព្រៃ​ឡង់​ នៅតែ​បន្ត​កើតមាន ​នៅក្នុង​ដែន​សមត្ថកិច្ច​ព្រៃឈើសន្ទុក​

116

កំពង់ធំ៖ ទោះជាមានការរឹតបន្តឹង ពីរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ បទល្មើសព្រៃឈើយ៉ាងណាក្ដី ដោយឡែកខេត្តកំពង់ធំ គេសង្កេតឃើញបទល្មើសព្រៃឈើ នៅតែបន្តកើតមានដឹកជញ្ជូនជារៀងរាល់ថ្ងៃ តាមរទេះគោ ក្របី ចេញពីតំបន់ព្រៃ ឡង់ តាមច្រកអូរធំ (គគីតាំងរ៉េន) ស្ថិតនៅក្នុងឃុំក្រយារ (ក្រយៀរ) ស្រុកសន្ទុក ក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ សង្កាត់ក្រយា (ក្រយៀរ) និងផ្នែកកំពង់ថ្ម ដែលបទល្មើសនេះ ត្រូវ បានប្រជាពលរដ្ឋរិះគន់ថា ជាការអសមត្ថភាពរបស់លោក សុត ម៉ារី ជានាយផ្នែកកំពង់ថ្ម។

ប្រជាពលរដ្ឋ និយាយថា បទល្មើសនេះ ដឹកចេញពីព្រៃឡង់ ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមឆ្លងកាត់ តាមភូមិសំរោង ដែលមានអ្នករត់ការកាង ឈ្មោះ ប៊ុន ហម ហៅ៨៤ ជាមន្ត្រីយោធាស្រុកសន្ទុក និងឈ្មោះសេង មន្ត្រីប៉េអិមខេត្ត នៅប្រចាំការនៅទីនោះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនេះ បានបន្តឲ្យដឹងថា មន្ត្រីយោធា និងប៉េអិម ដែលរត់ ការកាងបទល្មើសនេះ គឺប្រព្រឹត្តបទល្មើសនេះ ជាយូរឆ្នាំមកហើយ ហើយមន្ត្រីយោធា ឈ្មោះ ហម ហៅ៨៤ បានធ្វើស្ពានឆ្លងអូរ ជាប្រយោជន៍ចម្លងបទល្មើសព្រៃឈើ និងយក លុយពីប្រជាពលរដ្ឋឆ្លងកាត់ទៀតផង ដែលធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ ប្ដឹងទៅរដ្ឋបាល សាលា ស្រុកសន្ទុក ជាច្រើនលើកមកហើយ។

ប្រជាពលរដ្ឋ បន្តថា ស្ពានឆ្លងអូរនេះ គឺប្រជាពលរដ្ឋរួមគ្នាធ្វើឡើង សម្រាប់ធ្វើដំណើរ ឆ្លងកាត់តាំងពីយូរយារមកហើយ ប៉ុន្តែមិនមានលក្ខណៈរឹងមាំ ដែលអាចធ្វើឲ្យរថយន្ត និង គោយន្តដឹកឈើឆ្លងកាត់បាននោះទេ ក្រោយមកឈ្មោះ ហម ហៅ៨៤ បានចូលរួមសាងសង់ គឺ មានលក្ខណៈរឹងមាំ អាចឲ្យគោយន្ត រថយន្ត និងរទេះគោក្របីដឹកឈើ ដែលគាត់កាងនោះ ឆ្លងកាត់បាន និងយកលុយពីប្រជាពលរដ្ឋឆ្លងកាត់ផងដែរ៕

btvnews(07-04-2016(8))