មន្ត្រី​កាំកុងត្រូល​៖ សារធាតុ​គីមី ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សរសៃរ​គុយទាវ​

89

កំពត ៖ មន្ត្រីជំនាញកាំកុងត្រូល ខេត្តកំពតកែប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យគុណភាពទំនិញ នៅក្នុងផ្សារសាមគ្គី ទីរួមខេត្តកំពត កាលពីម្សិលម៉ិញ ថ្ងៃទី០៦ ខែ មេសា នេះ ហើយបានរកឃើញសារធាតុគីមីខុសច្បាប់នៅក្នុងសរសៃគុយទាវ។

ប្រធានសាខាកាំកុងត្រូល កំពតកែប លោក ព្រៅ ខេមរិទ្ធ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែល សារធាតុគីមីខុសច្បាប់ (បូរ៉ាក់) ត្រូវបានរកឃើញនៅក្នុងសរសៃគុយទាវ ដែលបានដាក់លក់នៅក្នុងផ្សារសាមគ្គី ទីរួមខេត្តកំពត ខណៈការត្រួតពិនិត្យនៅក្នុងផ្សារក្តាម ក្នុងខេត្តកែប កាលពីរសៀលថ្ងៃដដែល មិនបានរកឃើញសារធាតុគីមីអ្វីឡើយ ជាមួយ នឹងរថយន្តពិសោធន៍ចល័តមួយគ្រឿង។

លោក បានបញ្ជាក់ថា មន្ត្រីកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្ម ប្រមាណ១៨នាក់ បានចុះពិនិត្យគុណភាពគ្រឿងឧបភោគបរិភោគ បំពាក់ដោយរថយន្តពិសោធន៍ចល័តជាលើកដំបូង សម្រាប់ខេត្តទេសចរណ៍ទាំងពីរនេះ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់សុវត្ថិភាព គុណភាពចំណីអាហារ និងអ្នកប្រើប្រាស់ទាំងអស់ ឲ្យមានសុខភាពល្អ ជួយបង្កើនកម្រិតជីវភាព តាមរយៈការធានាបាននូវសុខុមាលភាព និងស្របពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់ផងដែរ។

លោកប្រធានសាខាកាំកុងត្រូល កំពតកែប លើកនេះលោកបានធ្វើកិច្ចសន្យាជាមួយម្ចាស់សិប្បកម្ម មិនឲ្យមានការរកឃើញជាលើកទីបីឡើយ បើមិនដូច្នេះទេ មន្ត្រីជំនាញ នឹងចាត់វិធានការណ៍បិទសិប្បកម្មតែម្តង ហើយម្ចាស់សិប្បកម្ម អាចប្រឈមមុខនឹងផ្លូវច្បាប់ដែលបានកំណត់។

អភិបាលរងខេត្តកែប លោក អ៊ុក ថា ដែលបានចូលរួមក្នុងប្រតិបត្តិការនេះដែរ បាន ថ្លែងអំណរគុណដល់អាជីវករនៅក្នុងផ្សារក្តាម ដែលមានការសហការ និងយល់ដឹងបានច្រើន និងមិនបានយកទំនិញមានផ្ទុកសារធាតុគីមី មកលក់នៅលើទីផ្សារដ៏ល្បីឈ្មោះរបស់ខេត្តមួយនេះ។ ហើយក៏ថ្លែងអំណរគុណដល់មន្ត្រីជំនាញទាំងអស់ ដែលតែងតែខិតខំអស់កម្លាំងកាយចិត្ត ចុះមកត្រួតពិនិត្យគុណភាពទំនិញ និងណែនាំដល់អាជីវករឲ្យមានការយល់ដឹងអំពីបញ្ហានេះ។

ក្រុមមន្ត្រីជំនាញ បានត្រួតពិនិត្យលើគ្រឿងឧបភោគបរិភោគ មានបន្លែបង្ការគ្រប់មុខ ត្រីសាច់ និងគ្រឿង សមុទ្រផងដែរ ដែលសរុបទាំងអស់ ជាង៥០មុខ (គំរូ) ក្នុងផ្សារទាំងពីរ និងបានដកហូតបានតែគុយទាវមួយមុខ ចំនួនប្រមាណជាង១៣គីឡូក្រាម៕

kamkontrol kep kamkontrol kep1 kamkontrol kep2 kamkontrol kep3 kamkontrol kep4